ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចុះពិនិត្យទីតាំងប្រារព្ធពិធី ទិវាមច្ឆជាតិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ។ ដំណើរចុះពិនិត្យនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ។
ទិវាមច្ឆជាតិ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាពសំដៅបង្កើនផលស្តុកមច្ឆជាតិ ដើម្បីបំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុង ស្រុកប្រមាណ ៥ លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។
សូមបញ្ជាក់ថា នៅឆ្នាំនេះទិវាមច្ឆជាតិ នឹងត្រូវប្រារព្ធធ្វើ នៅទន្លេវ៉ៃគោ ជាលើកទី២ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហើយដែលលើកទី១បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១១ (ទិវាមច្ឆជាតិ លើកទី៩) ក្រោមអធិបតីភាពមុនី ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី៕
ដោយ សំរិត










