ភ្នំពេញ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកលឿននឹងរថយន្តRAV4១គ្រឿង ហើយម៉ូតូក៏ហោះទៅបុកបុរសម្នាក់ទៀតដែលកំពុងជិះកង់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៥០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាក TOYOTA RAV4 ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2C -1024 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានបត់ឆ្វេង ពេលនោះស្រាប់តែមានម៉ូតូ១គ្រឿងមិនចាំម៉ាកបើកបរក្នុងល្បឿនលឿនពីលិចទៅកើតហើយអ្នកបើកបរចាប់ហ្វ្រ័ងមិនទាន់ក៏បុករថយន្តរួចហើយហោះទៅបុកកង់ជនជាតិបរទេសដែលកំពុងជិះបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។
ក្រោយកើតហេតុអ្នកបើកបរម៉ូតូត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះ ចំណែកបុរសជនជាតិបរទេសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដូចគ្នា។ ដោយឡែកវត្ថុតាងនិងអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលអូរបែកក្អមដើម្បីសួរនាំនិងដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ សីហា សែនសុខ










