ក្លិប Coventry City បានប្រកាសជាផ្លូវការថា លោក Frank Lampard បានចុះកិច្ចសន្យាថ្មី ដើម្បីបន្តដឹកនាំក្រុមរហូតដល់ឆ្នាំ ២០២៩។
គ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះ បានដឹកនាំ Coventry City ឈ្នះជើងឯក Championship កាលពីរដូវកាលមុន និងនាំក្រុមឡើងមកកាន់ Premier League ជាលើកដំបូងក្នុងរយៈពេល ២៥ ឆ្នាំ។
កិច្ចសន្យាចាស់របស់ Lampard គ្រោងនឹងផុតកំណត់នៅចុងរដូវកាលក្រោយ ប៉ុន្តែបន្ទាប់ពីមានការចាប់អារម្មណ៍ពីក្លិបផ្សេងៗ រួមទាំង Fulham ផងនោះ លោកបានសម្រេចបន្តអនាគតជាមួយ Coventry City។
Lampard បាននិយាយថា៖ «បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់មនុស្សគ្រប់រូប ដែលបានជួយឱ្យយើងឡើងមក Premier League និងឈ្នះជើងឯក Championship វាជាពេលវេលាដ៏សំខាន់សម្រាប់អបអរសាទរ ហើយទីក្រុងទាំងមូលក៏បានរីករាយជាមួយភាពជោគជ័យនេះ។»
លោកបន្ថែមថា៖ «ឥឡូវនេះ ភារកិច្ចរបស់បុគ្គលិក និងកីឡាករគឺសម្រាកដើម្បីស្តារកម្លាំង ប៉ុន្តែក៏ត្រូវផ្តោតលើគោលដៅសម្រាប់រដូវកាលថ្មីផងដែរ។ យើងនៅមានការងារជាច្រើនត្រូវធ្វើ ទាំងក្នុង និងក្រៅទីលាន ហើយខ្ញុំទន្ទឹងរង់ចាំជួបកីឡាករវិញ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី»។
Coventry City នឹងចាប់ផ្តើមរដូវកាលថ្មីដោយត្រូវប៉ះក្រុមការពារតំណែងជើងឯក Arsenal នៅថ្ងៃទី ២១ ខែសីហា។
Lampard បានចូលកាន់តំណែងជាគ្រូបង្វឹក Coventry City កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ជំនួសលោក Mark Robins ខណៈក្រុមស្ថិតនៅលេខ១៧ ក្នុងតារាង Championship និងមានគម្លាតត្រឹម ២ ពិន្ទុពីតំបន់កាត់ចោល។
ក្រោមការដឹកនាំរបស់លោក ក្លិប Coventry ឈ្នះ ១៦ ប្រកួតក្នុងចំណោម ២៩ ប្រកួតចុងក្រោយ នៃរដូវកាលនោះ បញ្ចប់នៅចំណាត់ថ្នាក់លេខ៥ និងឡើងទៅវគ្គ Play-off ប៉ុន្តែបានចាញ់ Sunderland ក្នុងលទ្ធផលសរុប ៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅរដូវកាលបន្ទាប់ Lampard បានដឹកនាំ Coventry ឈ្នះ ២៨ ប្រកួត ដែលជាចំនួនឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិបសម្រាប់មួយរដូវកាលលីគ និងបញ្ចប់ការរង់ចាំរយៈពេល ២៥ ឆ្នាំ ដើម្បីវិលត្រឡប់ទៅកាន់ក្របខណ្ឌកំពូលរបស់អង់គ្លេសវិញ។
អតីតខ្សែបម្រើរបស់ Chelsea និងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅ Derby County មុនបន្តដឹកនាំ Chelsea (២ លើក) និង Everton៕










