អង់គ្លេសត្រៀមប៉ះ កុងហ្គោ នៅកីឡដ្ឋានទំនើបបំផុតមួយលើពិភពលោក តម្លៃសាងសង់ ១,២ ពាន់លានផោន

ចែករំលែក៖

អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស អាចនឹងមានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលចូលទៅកាន់កីឡដ្ឋាន Mercedes-Benz Stadium ក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិក ដែលត្រូវបានចាត់ទុកថា ជាកីឡដ្ឋានទំនើប និងល្អបំផុតមួយលើពិភពលោក។

 

ក្រុមរបស់លោក Thomas Tuchel នឹងត្រូវជួប កុងហ្គោ នៅវគ្គ ៣២ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup 2026 ក្នុងកីឡដ្ឋានដ៏អស្ចារ្យនេះ ដែលមានតម្លៃសាងសង់ប្រមាណ ១,២ ពាន់លានផោន។

 

ចំណុចលេចធ្លោបំផុតរបស់កីឡដ្ឋាន គឺអេក្រង់វីដេអូយក្ស Halo Video Board ដែលព័ទ្ធជុំវិញទីលាននៅក្រោមដំបូល។ អេក្រង់នេះមានប្រវែងសរុប ១,១០០ ហ្វីត កម្ពស់ ១៨ ហ្វីត និងផ្ទៃអេក្រង់សរុបដល់ទៅ ៦២,៣៥០ ហ្វីតការ៉េ ដែលធ្វើឱ្យវាក្លាយជាបច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងពិភពកីឡា។

 

កីឡដ្ឋាននេះ បានបើកដំណើរការក្នុងឆ្នាំ ២០១៧ បន្ទាប់ពីពន្យារពេលសាងសង់ជាច្រើនលើក។

 

សម្រាប់ការប្រកួតរវាងអង់គ្លេស និង កុងហ្គោ ដំបូលបើកបិទដោយស្វ័យប្រវត្តិ ដែលមានបន្ទះចំនួន ៨ នឹងត្រូវបិទទាំងស្រុង ដើម្បីការពារពីសីតុណ្ហភាពខាងក្រៅ ដែលអាចឡើងដល់ជិត ៣៤ អង្សាសេ នៅពេលរសៀល។

 

ដំបូលនេះផលិតពីសារធាតុ Polymer ថ្លា និងមានទម្ងន់ស្រាល អាចកំណត់បរិមាណពន្លឺធម្មជាតិចូលក្នុងកីឡដ្ឋានបាន ខណៈប្រព័ន្ធម៉ាស៊ីនត្រជាក់នឹងរក្សាសីតុណ្ហភាពខាងក្នុងឱ្យនៅថេរប្រមាណ ២៤ អង្សាសេ ដើម្បីផ្តល់ផាសុកភាពដល់កីឡាករ និងអ្នកទស្សនា។

 

កីឡដ្ឋាន Mercedes-Benz ក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយភ្ជាប់ជាមួយបណ្តាញរថភ្លើងក្រោមដី MARTA ដែលមានស្ថានីយ៍សងខាងកីឡដ្ឋាន។

 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺអ្នកគ្រប់គ្រងកីឡដ្ឋាន ដែលជាកម្មសិទ្ធិរួមរបស់ក្លិប Atlanta Falcons (NFL) និង Atlanta United (MLS) បានសម្រេច មិនដំឡើងតម្លៃអាហារ និងភេសជ្ជៈ អំឡុងពេល World Cup នោះទេ។

 

អ្នកគាំទ្រអាចទិញស្រាបៀរបានក្នុងតម្លៃចាប់ពី ៩ ដុល្លារ ដល់ ១១ ដុល្លារ ក្នុងមួយកែវ ខណៈហាំប៊ឺហ្គឺ និងអាហារពេញនិយមផ្សេងៗក៏មានលក់ក្នុងតម្លៃសមរម្យ តាមបញ្ជរលក់ជាង ៦៧០ កន្លែង នៅក្នុងកីឡដ្ឋាន។

...

 

ក្រៅពីនេះ កីឡដ្ឋានក៏មានបន្ទប់បច្ចេកវិទ្យាទំនើប និងស្នាដៃសិល្បៈសហសម័យជាង ១៨០ ផ្ទាំង រួមទាំងរូបសំណាក Falcon កម្ពស់ជាង ៤១ ហ្វីត នៅខាងមុខកីឡដ្ឋាន ដែលធ្វើឱ្យ Mercedes-Benz ក្លាយជាកីឡដ្ឋានដ៏អស្ចារ្យ និងទាក់ទាញបំផុតមួយសម្រាប់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print