ខេត្តស្វាយរៀង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជាបានសម្រេចជោគជ័យក្នុងការចរចាបើកផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវគោកជាលើកដំបូងបង្អស់ទៅកាន់ប្រទេសចិន ដោយឆ្លងកាត់តាមរយៈច្រកព្រំដែននៃប្រទេសឡាវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា កាលពីមុន ការដឹកជញ្ជូនទំនិញនិងផលិតផលផ្សេងៗពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន គឺអាចធ្វើទៅបានតែតាមរយៈផ្លូវទឹក (ផ្លូវសមុទ្រ) ប៉ុន្តែនៅពេលនេះ កម្ពុជាមានលទ្ធភាពអាចដឹកជញ្ជូនកសិផលផ្ទាល់តាមផ្លូវគោកឆ្ពោះទៅកាន់ប្រទេសចិនតែម្តង។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា ការបើកច្រកដឹកជញ្ជូនថ្មីនេះ នឹងជួយធានាដល់ការដឹកជញ្ជូនកសិផលរបស់កម្ពុជា ឱ្យកាន់តែមានភាពងាយស្រួល លឿនរហ័ស និងចំណាយតិច ជាពិសេសសម្រាប់តំបន់ភាគខាងជើងនៃប្រទេសកម្ពុជា ដែលអាចតភ្ជាប់ផ្ទាល់តាមរយៈផ្លូវគោកមួយនេះឡើងទៅប្រទេសចិន។ នេះជាយុទ្ធសាស្ត្របើកផ្លូវដឹកជញ្ជូនតាមផ្លូវគោកថ្មី ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែមានសក្តានុពល និងការប្រកួតប្រជែងខ្ពស់ជាងមុន៕
ដោយ ៖ សិលា











