ព្រះរាជសារព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ​ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

នៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលនេះ មានរបៀបវារៈចំនួនពីររួមមាន៖​ ទី១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។​ និងទី២៖ របាយការណ៍ស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧។

យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនរដ្ឋសភា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានថ្លែងនូវសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិ។ ជាមួយគ្នានេះ ព្រះករុណាជីវិតលើត្បូង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីភារកិច្ច របស់ខ្លួនទទួលបានលទ្ធផលជាទីមោទនៈបំផុត ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។

ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានមានព្រះរាជបន្ទូលថា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋសភាបានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន។ ការបំពេញតួនាទីស្នូលរបស់រដ្ឋសភាប្រកបដោយគណនេយ្យភាពខ្ពស់ គឺស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់មានជាធរមានផ្សេងៗទៀត។

ព្រះករុណាជាអម្ចាស់ បានមានព្រះរាជបន្ទូលថា ការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗនេះ ពិតជាសមស្រប និងមានសារៈសំខាន់បំផុត ក្នុងការអនុវត្តការពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដែនសមុទ្រ និងធនធានសមុទ្រ ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយៗទៀត។

សមាជិក សមាជិការដ្ឋសភាគ្រប់រូប បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ ដោយបានសិក្សាស្វែងយល់អំពីសុខទុក្ខ ក្តីកង្វល់ តម្រូវការ និងដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរ និងឯកភាពជាតិខ្ពស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែន ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការឆ្លើយតបទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ការណ៍នេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីកម្លាំងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាប្រជាជាតិដែលស្នេហាសន្តិភាព ស្អប់ខ្ពើមសង្រ្គាម និងគោរពច្បាប់អន្តរជាតិ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានសម្រេចនូវសមិទ្ធផលធំធេងគួរជាទីមោទនៈ ជាពិសេសការបន្តធានារក្សាបាននូវសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេសយ៉ាងពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច លើកស្ទួយជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ តាមរយៈការទាក់ទាញការវិនិយោគ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតឱកាសការងារ ការបង្កើនសមត្ថភាពនៃការផលិត ការពង្រឹងខ្សែសង្វាក់នៃការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុក។

ព្រះករុណាជាអម្ចាស់ បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមបន្តរួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិនៃយើងឱ្យកាន់តែរីកចម្រើនជឿនលឿនថែមទៀត ដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋ ដោយយកពលរដ្ឋជាស្នូល។

ចំពោះលទ្ធលការងារ ៣ខែចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦វិញ ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិកសមាជិកាទំាងអស់បានបានបំពេញតួនាទីប្រកបដោយភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវ សម្រេចបានលទ្ធផលគួរជាទីមោទនៈ លើមុខងារនីតិកម្ម មុខងារភាពជាតំណាង និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមទំាងការងារការទូតសភា។

...

នៅក្នុងនោះលើមុខងារនីតិកម្មរយៈពេលបីខែមកនេះ រដ្ឋសភាបានអនុម័តច្បាប់សំខាន់ៗ មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ច្បាប់ស្តីពីការយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ជាដើម៕ដោយ៖តារា
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print