ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក វរៈសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិសែនជ័យ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវិរះ សេនីយ៍ទោ ភួង បូណា អធិការរងទទួលផែនព្រហ្មទណ្ឌ លោក អនុសេនីយ៍ឯក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ធ្វើការ ស្រាវជ្រាវតាមចាប់ឃាត់ខ្លូនជនសង្ស័យគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិបានចំនួន៦នាក់ ស្រី២នាក់ ប្រុស៤នាក់
កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្រោយពីពួកគេធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ២ថ្ងៃជាប់គ្នាលួចយកទ្រព្យសម្បត្តិ ហើយគេចខ្លួនបានរយៈពេល៤ថ្ងៃ ហើយក្រុមនេះក៏ប្រើប្រាស់គ្រឿងញៀននិងលាក់ទុកដាវកែឆ្នៃផងដែរ ។
ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចដីឡូតូជិតវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យរួមមាន១.ឈ្មោះ វ័ន្ត វុឌ្ឍិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ(មានសារធាតុញៀន)។ ២.ឈ្មោះវី បូរ៉ាភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន)។ ៣.ឈ្មោះម៉ន ម៉េងហុងភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ៤.ឈ្មោះប្រុស ស្រីអូនភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន)។ ៥.ឈ្មោះស្រី ពេជ្រភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ៦.ឈ្មោះសន ហេងភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។
នគរបាលដកហូតវត្ថុតាងរួមមានម៉ូតូ១គ្រឿងម៉ាកHonda SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-2252 ,ដាវដែកកែច្នៃដងឈើ ១ដើម ,កាំបុិតប៉័ងតោងចំនួន២ដើម ,កូនសោម៉ូតូចំនួន៣ ,ក្បាលមួលវីសចំនួន២ ,ទូរស័ព្ទ១គ្រឿងម៉ាកOPPO A15 និងក្រាមសថ្លាចំនួន១ក្រាមថង់តូច ។
នគរបាលបានប្រាប់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងជាង១១យប់ ក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែងដែលម្ចាស់មិននៅស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លួចយកបានទ្រព្យមួយចំនួនរួចគេចខ្លួនបាត់ ។ លុះដល់វេលាម៉ោង១១យប់ថ្ងៃទី២៦ ក្រុមនេះបានទៅធ្វើសកម្មភាពលួចនៅក្នុងផ្ទះដដែលនោះទៀត បន្ទាប់មកក៏បានគេចខ្លួនបាត់អស់ ប៉ុន្តែលើកនេះត្រូវបានប្រជាពលរដ្ឋឃើញ ក៏រាយការប្រាប់នគរបាលប៉ុស្តិ៍ចោមចៅទី១ ។
នគរបាលបានប្រាប់បន្តទៀតថា ពេលនោះនគរបាលខាងលើបានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ទើបឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនបាន៦នាក់ ។ បន្ទាប់មកនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ ដើម្បីកសាងសំណុំរឿងចោទពីបទចោរកម្ម រក្សាទុកនឹងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់និងរក្សាទុកអាវុធកែច្នៃដោយគ្មានការអនុញ្ញាត ។ ក្រោយនគរបាលសួរនាំជនសង្ស័យខាងលើបានសារភាពថា ពួកគេធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិបានចំនួន៦លើករួចមកហើយ ៕ដោយ៖ សីហា សែនសុខ










