សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប៣០ឆ្នាំ នៃអង្គការ PSE និងប្រគល់សញ្ញាបត្រជូនសិស្ស-និស្សិត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។

 

សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖

 

– សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានសម្ដែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ វិញ្ញាណក្ខន្ធ លោក គ្រីស្យង់ ដេប៉ាលីយែរ ស្ថាបនិកនៃអង្គការ និងសូមសម្តែងនូវការដឹងគុណជូនចំពោះសហស្ថាបនិក គឺលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ (Marie-France des Pallières) ដែលអ្នកទាំងពីរបានចាប់ផ្ដើមបេសកកម្មមនុស្សធម៌នៅកម្ពុជាតាមរយៈការបង្កើតអង្គការ PSEនេះ ពីក្តីស្រឡាញ់ និងការអាណិតអាសូរចំពោះកុមារក្រីក្រកម្ពុជា ហើយបានកសាងអង្គការមួយបានផ្លាស់ប្ដូរជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងបីទសវត្សរ៍កន្លងទៅនេះ។

 

– សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព និងអង្គការអាចបន្តជួយដល់សង្គមជាតិដែលអាចធ្វើទៅបាន។

 

– សម្ដេចធិបតី ថ្លែងថា សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ។

 

– សម្ដេចធិបតី ថ្លែងថា អង្គការសង្គមស៊ីវិលដែលធ្វើការពិតប្រាកដជួយដល់កម្ពុជា តាមរយៈការផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋពិតប្រាកដ ដូចជាសិទ្ធិទទួលបានការអប់រំ និងថែទាំសុខភាព ពិសេសសិទ្ធិរស់រានមានជីវិត គឺរាជរដ្ឋាភិបាលមានការគាំទ្រ និងជួយឧបត្ថម្ភបន្ថែមផងដែរ។

 

– សម្ដេចធិបតី ថ្លែងកោតសរសើរចំពោះទស្សនវិស័យរបស់ អង្គការ PSE ដែលមិនត្រឹមតែផ្ដោតលើការផ្ដល់ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ដោតលើការបង្កើតសមត្ថភាពឱកាសយូរអង្វែង និងរយៈពេលនៃការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កុមារ និងយុវជនដែលមានជីវភាពខ្វះខាតរបស់កម្ពុជា។

 

– សម្ដេចធិបតី ថ្លែងថា ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី, ដូចអង្គការកាលពីដំណាក់កាលដំបូងឱ្យអាហាររូបសិន បន្ទាប់មកបានផ្ដល់ការអប់រំដល់កុមារកម្ពុជា ដែលបានកសាងធនធានមនុស្សដែលមានសត្ថភាព និងមានភាពម្ចាស់ការ។

 

– សម្ដេចធិបតី ថ្លែងថា គម្លាតនៃជីវភាព ជួនកាលយើងមិនអាចតវ៉ាបានទេ ព្រោះបើយើងកើតនៅក្នុងគ្រួសារដែលមានជីវភាពទាប មិនអាចបិទជាមួយនឹងគ្រួសារដែលមានជីវភាពខ្ពស់ ឬមួយជីវភាពមធ្យមភ្លាមទេ។ ប៉ុន្ដែការខិតខំប្រឹងប្រែងរបស់ប្អូនៗក្មួយៗនឹងធ្វើឱ្យមានការខុសគ្នានៅក្នុងរយៈពេល២០ឆ្នាំ។

 

– សម្ដេចធិបតី គូសបញ្ជាក់ថា គម្លាតខួរក្បាលមនុស្សឱ្យតែមានឱកាស មិនប្រាកដថា កូនអ្នកមាននៅភ្នំពេញ រៀនពូកែជាងកូនអ្នកមានជីវភាពមិនល្អនៅខេត្តព្រះសីហនុ ឬខេត្តរតនគិរីនោះទេ។ ជាក់ស្ដែងការប្រឡងសិស្សជាប់និទ្ទេសអេ ក៏មានកូនអ្នកខេត្តប្រឡងឈ្នះកូនអ្នកភ្នំពេញដែរ។

 

– សម្ដេចធិបតី ថ្លែងថា ប្រជាពលរដ្ឋកម្ពុជា ដាច់ខាតមិនអាចស្ថិតនៅក្នុងផ្នត់គំនិតរង់ចាំគេផ្ដល់ឱ្យនោះទេ។ មិនមែនមានផ្នត់គំណិត ឱ្យខ្ញុំរៀនហើយចាំរកការងារឱ្យខ្ញុំ រកហើយនៅពេលខ្ញុំនៅមិនរួច ខ្ញុំនៅទីហ្នឹង អត់បង្កើតអីថ្មីទេ ចាំគេរកឱ្យទៀត គឺអត់មានផ្នត់គំនិតបែបនេះទេ។

 

– សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់យុវជនទាំងឡាយ ឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ បើទោះជាខ្លួនកើតមកក្នុងគ្រួសារជួបការលំបាកយ៉ាងណាក៏ដោយ ក៏កុំផ្ដេកផ្ដួលទៅតាមពាក្យថា កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ។

 

នាឱកាសនេះដែរ លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០២១–២០២៤» និស្សិតជ័យលាភីចូលរួមជាង ៥០០នាក់ (ស្រី៣១៩ នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។ ១០០% នៃនិស្សិតជ័យលាភីដែលមានវត្តមានថ្ងៃនេះមានការងារធ្វើ និង៨៨%ទទួលបានប្រាក់ចំណូលច្រើនជាង ២៥០ដុល្លារក្នុងមួយខែ។ ក្នុងនោះ ១%បម្រើការក្នុងវិស័យសាធារណៈ ៥%បើកអាជីវកម្មផ្ទាល់ខ្លួន និង ៩៤%បម្រើការក្នុងវិស័យឯកជននានា។

 

លោកស្រី ដេប៉ាលីយែរ លក្ខិណា ក្នុងនាមជាអគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE), ក៏ជាអតីតកុមារីម្នាក់ ក្នុងចំណោមកុមារជំនាន់ដំបូងបង្អស់ដែលបានជួយជ្រោមជ្រែងដោយអង្គការដើម្បីភាពញញឹមនៃកុមារ។ នៅពេលដែល លក្ខិណា បានស្គាល់អង្គការដើម្បីភាពញញឹមនៃកុមារជាលើកដំបូង នាងមានអាយុទើបតែ ៩ ឆ្នាំប៉ុណ្ណោះ។ នៅគ្រានោះនាង រស់នៅក្នុងខ្ទមតូចបាក់បែក ធ្វើពីក្តារបន្ទះពីរបីផ្ទាំង ស្ថិតនៅក្រោមស្ពានស្ទឹងមានជ័យ។ ជារៀងរាល់ថ្ងៃ នាងតែងតែដើរតាមដងផ្លូវ តាមវត្តអារាម និងនៅលើទីលានចាក់សម្រាម ប្រមូលអេតចាយ និងកាកសំណល់ផ្សេងៗ យកទៅលក់ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។

 

លោកស្រី អគ្គនាយិកា បានបន្តថា ប្រវត្តិមួយនៃការចាប់កំណើតអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវអត្តសញ្ញាណ និងទស្សនវិស័យរបស់អង្គការ។ ចាប់តាំងពីថ្ងៃដំបូងនៃការបង្កើតអង្គការ PSE មក អង្គការនេះ តែងតែយកចិត្តទុកដាក់ស្តាប់ សង្កេត និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់កុមារ យុវជន និងអាណាព្យាបាល។ ដោយផ្អែកលើការយល់ដឹងនោះ អង្គការបានរៀបចំ និងអភិវឌ្ឍដំណោះស្រាយនានាប្រកបដោយប្រសិទ្ធភាព ស្របតាមបរិបទ និងតម្រូវការនៃសម័យកាលនីមួយៗ។

 

លោកស្រី ដេប៉ាលីយែរ លក្ខិណា បានបញ្ជាក់ថា អង្គការ PSE បានបន្តវិវត្តខ្លួនឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗទាំងនោះ។ ទោះបីជាអង្គការនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើកុមារ និងយុវជនដែលងាយរងគ្រោះបំផុតក៏ដោយក៏អង្គការបានពង្រឹងគុណភាពនៃការអប់រំ ការតម្រង់ទិសជំនាញសិក្សា ការបណ្តុះបណ្តាលជំនាញទន់ ការសម្របសម្រួលក្នុងការស្វែងរកការងារធ្វើ ការលើកកម្ពស់ឯករាជ្យភាពរបស់គ្រួសារ និងការរួមបញ្ចូលក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

 

លោកស្រី បានឱ្យដឹងទៀតថា ជំនឿចិត្តរបស់យើងមិនធ្លាប់ផ្លាស់ប្តូរឡើយ គឺយើងនៅតែជឿជាក់យ៉ាងមុតមាំថា កុមារម្នាក់ៗមិនគួរត្រូវបានដកហូតឱកាសក្នុងជីវិត ដោយសារតែភាពក្រីក្ររបស់ខ្លួននោះទេ។

...

 

លោកស្រី ដេប៉ាលីយែរ លក្ខិណា បានឱ្យដឹងថា កុមារម្នាក់មិនត្រឹមតែត្រូវការអាហារ ការថែទាំសុខភាព ការការពារ និងការអប់រំប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវការការគោរព ការលើកទឹកចិត្ត ដែលដើរទន្ទឹមគ្នាជាមួយក្តីស្រឡាញ់ផងដែរ។ «នាងខ្ញុំអាចធ្វើជាសាក្សីដោយផ្ទាល់ចំពោះតម្លៃដ៏សំខាន់នៃការគាំទ្រនេះ»។ លោកស្រី បន្តថាក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ អង្គការ PSE បានរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់។ ចាប់ផ្តើមពីការចែកអាហារដល់កុមារនៅលើទីលានចាក់សំរាម អង្គការបានអភិវឌ្ឍខ្លួនក្លាយជាស្ថាប័នមួយដែលទទួលបានការទទួលស្គាល់ជាផ្លូវការ និងកំពុងផ្តល់ការគាំទ្រដល់កុមារ និងយុវជនប្រមាណជិត ៧០០០ នាក់ ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ មានយុវជនប្រមាណជិត ១៥០០ នាក់ ដែលមានអាយុចន្លោះពី ១៥ ឡើង កំពុងទទួលការបណ្តុះបណ្តាលនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការ PSE៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print