គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis de la Fuente បានបញ្ជាក់ថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតវគ្គ 32 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 ទល់នឹងអូទ្រីស ខណៈកីឡាករសំខាន់ៗដូចជា Lamine Yamal, Víctor Muñoz និង Yeremy Pino សុទ្ធតែជាសះស្បើយ និងអាចចូលលេងបាន។
លោក De la Fuente បានបង្ហាញទំនុកចិត្តថា អេស្ប៉ាញនឹងបង្ហាញទម្រង់លេងកាន់តែប្រសើរជាងមុន បន្ទាប់ពីការចាប់ផ្តើមការប្រកួត World Cup មិនសូវល្អ ដោយស្មើជាមួយកាបវែរ និងឈ្នះអ៊ុយរូហ្គាយត្រឹមមួយគ្រាប់ ខណៈជ័យជម្នះ 4-0 លើអារ៉ាប៊ីសាអូឌីត គឺជាការបង្ហាញសមត្ថភាពដ៏លេចធ្លោតែមួយគត់រហូតមកដល់ពេលនេះ។
ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ដែលត្រូវបានគ្រប់គ្រងពេលវេលាលេងយ៉ាងប្រុងប្រយ័ត្ន បន្ទាប់ពីរបួសសរសៃពួរកាលពីខែមេសា ពេលនេះអាចចូលលេងបានពេញលេញ ប្រសិនបើក្រុមត្រូវការ។ ចំណែក Yeremy Pino ក៏បានជាសះស្បើយពីរបួសស្មា ខណៈ Víctor Muñoz ក៏ត្រឡប់មកហ្វឹកហាត់ និងមានកាយសម្បទាល្អវិញផងដែរ។
ទោះបីអេស្ប៉ាញកំពុងទទួលសម្ពាធខ្លាំងពីអ្នកគាំទ្រ បន្ទាប់ពីបរាជ័យជាបន្តបន្ទាប់ក្នុង World Cup ក្រោយការឈ្នះជើងឯកឆ្នាំ 2010 ក៏ដោយ លោក De la Fuente មើលឃើញថា វាជាកម្លាំងជំរុញមួយសម្រាប់ក្រុម។
លោកបានបញ្ជាក់ថា៖ «ខ្ញុំចូលចិត្តការរំពឹងទុកខ្ពស់ ព្រោះវាបង្ហាញថាមនុស្សជាច្រើនជឿជាក់លើយើង។ អ្វីដែលយើងត្រូវធ្វើ គឺឆ្លើយតបទៅនឹងការរំពឹងទុកនោះដោយលទ្ធផលនៅលើទីលាន»។
ក្នុងការហ្វឹកហាត់ចុងក្រោយ មុនការប្រកួត បរិយាកាសក្នុងក្រុមអេស្ប៉ាញមានភាពធូរស្រាល និងពោរពេញដោយស្នាមញញឹម ខណៈ Lamine Yamal ត្រូវបានគេឃើញលេងសើច និងជជែកជាមួយមិត្តរួមក្រុមយ៉ាងរីករាយ។
ទោះបីលោក De la Fuente បានសម្រេចជម្រើសកីឡាករចាប់ផ្តើមរួចហើយក៏ដោយ លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីជម្រើសនោះ មុនការប្រកួតជាមួយអូទ្រីសឡើយ៕










