សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ទស្សនៈថា «ផ្តល់សន្ទូចជាជាងផ្តល់ត្រី» ដើម្បីឱ្យពលរដ្ឋមានភាពម្ចាស់ការលើខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានផ្តល់ទស្សនៈវែងឆ្ងាយថា ចក្ខុវិស័យរបស់អង្គការ PSE គឺស្របទៅនឹងទស្សនៈ «យើងមិនផ្តល់ត្រីឱ្យនោះទេ ប៉ុន្តែយើងផ្តល់សន្ទូចសម្រាប់ស្ទូចត្រី»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ប្រមាណចំនួន៥០០នាក់។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កាលពីដំណាក់កាលដំបូង អង្គការបានផ្តល់អាហារហូបចុកដើម្បីដោះស្រាយការលំបាកភ្លាមៗ ប៉ុន្តែបន្ទាប់មក បានបន្តផ្តល់ការអប់រំ និងបណ្តុះបណ្តាលជំនាញ ដែលធ្វើឱ្យកុមារកម្ពុជាក្លាយជាធនធានមនុស្សមានសមត្ថភាព និងម្ចាស់ការលើខ្លួនឯង។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា សូមកុំមានផ្នត់គំនិត ឱ្យខ្ញុំរៀនហើយចាំរកការងារឱ្យខ្ញុំ រកហើយនៅពេលខ្ញុំធ្វើមិនរួច ខ្ញុំនៅទីហ្នឹង អត់បង្កើតអីថ្មីទេ ចាំគេរកឱ្យទៀត គឺអត់មានផ្នត់គំនិតបែបនេះទេ»។ ដូចនេះ ប្រជាពលរដ្ឋកម្ពុជាដាច់ខាតមិនត្រូវមានផ្នត់គំនិតរង់ចាំតែគេជួយ ឬចាំតែគេរកការងារឱ្យធ្វើដោយមិនព្រមអភិវឌ្ឍខ្លួនឯងនោះឡើយ យើងត្រូវងាកមកពង្រឹងសមត្ថភាព និងភាពច្នៃប្រឌិត ដើម្បីកសាងអនាគតដោយខ្លួនឯង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print