ទីក្រុងបាងកក៖ លោក អនុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ មានផែនការធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៩ និងទី១០ ខែកក្កដាខាងមុខនេះ ដើម្បីជួបពិភាក្សាជាមួយសមភាគីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) លើបញ្ហាសន្តិសុខព្រំដែន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយក្នុងនោះរបៀបវារៈសំខាន់បំផុត គឺការដោះស្រាយវិបត្តិហាមឃាត់ការនាំចេញគ្រឿងសមុទ្រ។
យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Thai PBS រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក សុរិយា ជួងរុងរឿងគិត បញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងពន្លឿនការត្រួតពិនិត្យស្តង់ដារអនាម័យ និងភូតគាមអនាម័យ (SPS) ដើម្បីដាក់ចេញនូវក្របខ័ណ្ឌនាំចូល-នាំចេញថ្មីក្នុងរយៈពេល ៣០ថ្ងៃ សំដៅធានាសុវត្ថិភាព និងស្តារទំនុកចិត្តអ្នកប្រើប្រាស់។ ប៉ុន្តែ កសិករចិញ្ចឹមបង្គានៅខេត្តសុងខ្លា និងខេត្តត្រាំង បានរិះគន់ថាចំណាត់ការទូតនេះហាក់យឺតពេល បន្ទាប់ពីការជាប់គាំងរយៈពេលមួយខែមកនេះ បានបង្ខំឱ្យពួកគេលក់ខាតដើមទុន និងកសិករខ្លះត្រូវបិទស្រះជាអចិន្ត្រៃយ៍។
ដើម្បីសម្រាលវិបត្តិបន្ទាន់ក្នុងស្រុក ក្រសួងពាណិជ្ជកម្មថៃបានសហការជាមួយក្រុមហ៊ុនលក់រាយ និងសមាគមឃ្លាំងត្រជាក់ ដើម្បីស្រូបយកបង្គាដែលកកស្ទះជាង ២,០០០តោន ចេញពីខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងបញ្ជាឱ្យការិយាល័យពាណិជ្ជកម្មក្នុងខេត្តចំនួន ៤០ បើកកន្លែងលក់បញ្ចុះតម្លៃផ្ទាល់ជូនពលរដ្ឋក្នុងគោលដៅ ១០តោនក្នុងមួយខេត្ត។
ចំណាត់ការអន្តរាគមន៍នេះ បានជំរុញឱ្យមានការសម្រុកទិញបង្គាយ៉ាងខ្លាំងនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តសុរិន្ទ (បញ្ចុះតម្លៃមកត្រឹម ១៨៩បាត) និងខេត្តរយអ៊ែត (មកត្រឹម ១៩៩បាត) ខណៈរដ្ឋាភិបាលថៃប្រញាប់ប្រញាល់រក្សាស្ថិរភាពតម្លៃក្នុងស្រុក មុនពេលកិច្ចប្រជុំទ្វេភាគីចាប់ផ្តើម។
គួរបញ្ជាក់ថា កិច្ចចរចាបឋមដើម្បីស្រោចស្រង់ពាណិជ្ជកម្មទ្វេភាគីនេះ ធ្វើឡើងបន្ទាប់ពីម៉ាឡេស៊ីបានផ្អាកការនាំចូលបង្គាពីថៃភ្លាមៗ កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ ដោយសារការរឹតបន្តឹងលើស្តង់ដារសុវត្ថិភាពចំណីអាហារ។ តាមរយៈកិច្ចជំនួបកម្រិតខ្ពស់ដែលជិតមកដល់នេះ ភាគីទាំងពីររំពឹងថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងថ្មីមួយនៅសប្តាហ៍ក្រោយ ដើម្បីបើកផ្លូវឱ្យមានការនាំចេញឡើងវិញ៕
ដោយ៖តារា










