ខេត្តបន្ទាយមានជ័យៈ កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងនោះមានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសីរិសោភ័ណ ដោយមានការចូលរួមអង្កេតការណ៍ពីក្រុមការងារចម្រុះនៃលេខាធិការដ្ឋាន គ.ប.ឆ.ប ក្រោមការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ និងលោក គង់ រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យជាក់ស្តែងទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scam Online) ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានបង្ហាញឲ្យដឹងថា÷ ក្នុងកិច្ចប្រតិបត្តិការនេះ ទីតាំងទី១នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញមនុស្ស១២៩ នាក់ ក្នុងនោះមាន ជនជាតិឥណ្ឌូនេស៊ី ១២២នាក់ ស្រី៣០នាក់ ចិន ៣ នាក់ និងខ្មែរ ៤នាក់ (ប្រុស)។ វត្ថុតាងដកហូតមាន÷១. កុំព្យូទ័រ all in one ចំនួន ១៥០ គ្រឿង, ២-ទូរស័ព្ទដៃចំនួន ២២០គ្រឿង, កុំព្យូទ័រ all in one ចំនួន១០គ្រឿងប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើកោសល្យវិច័យ។ ក្រៅពីនេះវត្ថុតាង ទាំងអស់យកទៅរក្សាទុកក្នុងឃ្លាំងរបស់សាលាខេត្ត ហើយទីតាំងបានបិទសៀលជាបណ្តោះអាសន្ន ។
ចំពោះជនបរទេសទាំងអស់បានបញ្ជូនទៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ រក្សាទុក ។ ទីតាំងទី២ នៅផ្ទះក្នុងបរិវេណផ្សារចិនខ្មៅ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញជនបរទេស ៣១នាក់ (ខ្មែរ២នាក់) រួមជាមួយសម្ភារៈប្រព្រឹត្តបទល្មើសមួយចំនួន ។ ម្ចាស់ទីតាំងទាំង៣មានឈ្មោះ លឹម ម៉ៅ ហៅ សៀងហៃ ភេទប្រុស អាយុ៤៩ឆ្នាំ កំពុងស្រាវជ្រាវតាមរកចាប់ខ្លួន ។ ទីតាំងទី៣ ផ្ទះជួលម្តុំហ្គោលថោន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានជនបរទេស៤ នាក់ បញ្ជូនទៅនៅមណ្ឌលកងវ៉ា។ នៅថ្ងៃដដែលនេះផងដែរតាមរបាយការណ៍របស់អធិការដ្ឋានក្រុងសិរីសោភ័ណបានបន្តថា កម្លាំងសមត្ថកិច្ចចម្រុះបានបន្តចុះត្រួតពិនិត្យលើទីតាំងមួយកន្លែងទៀតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញមនុស្ស២៦នាក់ ក្នុងនោះមានជនជាតិចិន២៥នាក់ ជនជាតិមីយ៉ាន់ម៉ា ០១នាក់ ។ វត្ថុតាងដកហូតមាន៖ ១. កុំព្យូទ័រ all in one ចំនួន ៤៦ គ្រឿង
២.ទូរស័ព្ទដៃចម្រុះ១៧៤គ្រឿង ។ វត្ថុតាងដកហូត កុំព្យូទ័រ all in one ចំនួន០៦គ្រឿង Lap top ០១គ្រឿង ប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើកោសល្យវិច័យ។ ក្រៅពីនេះយកទៅរក្សាទុកក្នុងឃ្លាំងរបស់សាលាខេត្ត ហើយបានបិទសៀលនៅទីតាំងនោះជាបណ្តោះអាសន្ន ។ ចំពោះជនបរទេសទាំងអស់បានបញ្ជូនទៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ៕

ដោយ៖ វណ្ណា










