ខេត្តស្ទឹងត្រែង÷ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីរកឃើញថា បុគ្គលរូបនេះ បានលួចលាក់ទុកវត្ថុតាងគ្រឿងញៀនចំនួន០៣កញ្ចប់ធំ គឺប្រហែល៣គីឡូក្រាម ក្នុងអំឡុងពេលកើត ហេតុ បង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនៅលើដងទន្លេមេគង្គ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន មាន ឈ្មោះ ឡេង ណាត អាយុ៤២ឆ្នាំ មុខរបរ (ប្រជានេសាទ) រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថឱ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថាន បានបង្ក្រាបករណី ដឹកជញ្ជូនគ្រឿងញៀនដ៏ធំមួយ នៅចំណុចកន្ទុយកោះហឹប ឃុំអូស្វាយ។ នៅពេលនោះទូកដឹកគ្រឿងញៀន ចំនួន០២ការ៉ុង របស់ជនសង្ស័យ បានទៅបុកជាមួយទូកអ្នកនេសាទ ហើយជនល្មើសក៏បានរត់គេចខ្លួនបាត់ស្រមោលអស់ ដោយបន្សល់ទុកទូក និងវត្ថុតាងគ្រឿងញៀនជាច្រើន ។
ទោះជាយ៉ាងណា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា វត្ថុតាងអាចនឹងមានការប៉ះពាល់ ឬបាត់បង់ដោយសារមានមនុស្សក្រៅចូលទៅជិត។ ប៉ុន្តែក្រោយការសាកសួរស្រាវជ្រាវជុំវិញ ក្រុមអ្នក នេសាទនៅកន្លែងកើតហេតុទើបធ្លាយតម្រុយថា ឈ្មោះ ឡេង ណាត បានលួចយកគ្រឿងញៀនមួយចំនួនចេញពីទូកនោះ ។ សមត្ថកិច្ចបានបន្តនីតិវិធីឈានទៅឆែកឆេរ រហូតរកឃើញគ្រឿងញៀនចំនួន០៣កញ្ចប់ធំ ដែលជននេះលាក់ទុក និងឈានឃាត់ខ្លួនជនសង្ស័យនេះតែម្តង ។
សូមបញ្ជាក់ថា នៅក្នុងការពិនិត្យ និងថ្លឹងវត្ថុតាងជាផ្លូវការ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងតំណាងអយ្យការ វត្ថុតាងបង្ក្រាបដំបូង សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៣៧កញ្ចប់ធំ (ទម្ងន់សរុប ៣៧,៧១១.៧ក្រាម ឬជិត ៣៨គីឡូក្រាម) ។
វត្ថុតាងដកហូតបន្ថែម ពីជនសង្ស័យលួច ឈ្មោះ ឡេង ណាត នេះមាន៣កញ្ចប់ធំ គឺប្រហែល៣ គីឡូក្រាម ។ សរុបរួមគ្រឿងញៀនកើនឡើងដល់៤០កញ្ចប់ធំ គឺប្រហែល៤០គីឡូក្រាម។
បច្ចុប្បន្ន បុគ្គលជនសង្ស័យ ឈ្មោះ ឡេង ណាត រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់និងកំពុងបន្តប្រមាញ់ស្វែងរកចាប់ខ្លួនមេខ្លោង និងបក្សពួក ដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសបន្តទៀត៕










