ការពិតអ្នកលួចវត្ថុតាងគ្រឿងញៀន ប្រហែល៣គីឡូក្រាម ពីក្នុងទូកជនល្មើសនៅខេត្តស្ទឹងត្រែង គឺជាអ្នកប្រជានេសាទសោះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង​÷ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ក្រោម​ការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ឃាត់ខ្លួន​បុរស​ម្នាក់​ បន្ទាប់ពី​រក​ឃើញ​ថា បុគ្គល​រូប​នេះ ​បាន​លួចលាក់​ទុក​វត្ថុ​តាង​គ្រឿងញៀន​ចំនួន០៣​កញ្ចប់​ធំ គឺប្រហែល៣​គីឡូ​ក្រាម​ ក្នុងអំឡុងពេល​កើត ហេតុ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​លើ​ដង​ទន្លេមេគង្គ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ មាន ឈ្មោះ ឡេ​ង ណាត អាយុ៤២ឆ្នាំ មុខរបរ (ប្រជា​នេសាទ) រស់នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៦​។

តាមប្រភពពីកម្លាំង​កងរាជអាវុធហត្ថ​ឱ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦​ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​មន្ត្រី​នៃមន្ទីរ​បរិស្ថាន បាន​បង្ក្រាប​ករណី​ ដឹក​ជញ្ជូន​គ្រឿងញៀន​ដ៏​ធំ​មួយ នៅ​ចំណុច​កន្ទុយ​កោះ​ហឹប ឃុំ​អូ​ស្វាយ​។​ នៅ​ពេល​នោះទូកដឹក​គ្រឿងញៀន​ ចំនួន០២កា​រ៉ុ​ង​ របស់​ជនសង្ស័យ​ បានទៅ​បុក​ជាមួយ​ទូក​អ្នកនេសាទ ហើយ​ជនល្មើស​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោលអស់ ដោយ​បន្សល់​ទុក​ទូក និង​វត្ថុ​តាងគ្រឿងញៀនជាច្រើន ​។

ទោះជា​យ៉ាងណា ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ជំនាញ​បាន​ដាក់​ការ​សង្ស័យ​ថា វត្ថុ​តាង​អាច​នឹង​មានការ​ប៉ះពាល់ ឬ​បាត់​បង់​ដោយសារ​មាន​មនុស្ស​ក្រៅ​ចូល​ទៅ​ជិត​។ ប៉ុន្តែក្រោយ​ការ​សាកសួរ​ស្រាវជ្រាវ​ជុំវិញ​ ក្រុម​អ្នក នេសាទ​នៅ​កន្លែង​កើតហេតុទើប​ធ្លាយ​តម្រុយ​ថា ឈ្មោះ ឡេ​ង ណាត បាន​លួច​យក​គ្រឿងញៀន​មួយចំនួន​ចេញពី​ទូក​នោះ​ ។ សមត្ថកិច្ច​បាន​បន្ត​នីតិវិធី​ឈាន​ទៅ​ឆែកឆេរ រហូត​រក​ឃើញ​គ្រឿងញៀន​ចំនួន​០៣​កញ្ចប់​ធំ ដែល​ជន​នេះ​លាក់​ទុក និង​ឈានឃាត់ខ្លួនជនសង្ស័យនេះតែ​ម្តង​ ។

សូមបញ្ជាក់ថា នៅ​ក្នុង​ការ​ពិនិត្យ និង​ថ្លឹង​វត្ថុ​តាង​ជា​ផ្លូវការ ​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៦ ក្រោម​វត្តមាន​ លោក សរ សុ​ពុ​ត្រា អភិបាលខេត្ត​ស្ទឹងត្រែង និង​តំណាង​អយ្យការ វត្ថុ​តាង​បង្ក្រាប​ដំបូង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​៣៧​កញ្ចប់​ធំ (​ទម្ងន់​សរុប ៣៧,៧១១.៧​ក្រាម ឬ​ជិត ៣៨​គីឡូក្រាម​)​ ។

វត្ថុ​តាង​ដកហូត​បន្ថែម​ ពីជនសង្ស័យលួច ឈ្មោះ ឡេង ណាត​ នេះមាន៣​កញ្ចប់​ធំ គឺប្រហែល​៣​ គីឡូក្រាម ។ សរុប​រួម​គ្រឿងញៀន​កើន​ឡើង​ដល់​៤០​កញ្ចប់​ធំ គឺប្រហែល​៤០​គីឡូក្រាម​។​​

...

បច្ចុប្បន្ន បុគ្គលជនសង្ស័យ ឈ្មោះ ឡេង ណាត រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់និង​កំពុងបន្ត​ប្រមាញ់​ស្វែងរក​ចាប់ខ្លួន​មេខ្លោង និង​បក្សពួក ដែល​កំពុង​រត់គេច​ខ្លួន​ យក​មក​ផ្តន្ទាទោស​បន្តទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print