វិស័យបាល់ទាត់របស់ម៉ារ៉ុក កំពុងរីកចម្រើនដោយសារទ្រព្យសម្បត្តិរ៉ែមួយប្រភេទរបស់ប្រទេស

ចែករំលែក៖

ការកើនឡើងរបស់ប្រទេស ម៉ារ៉ុក ក្នុងពិភពបាល់ទាត់ ត្រូវបានគាំទ្រដោយប្រភពហិរញ្ញវត្ថុដ៏មិននឹកស្មានដល់ គឺ ទុនពីរ៉ែផូស្វាត ដែលជាធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេស។ ក្រុមហ៊ុនរដ្ឋ OCP Group ដែលជាក្រុមហ៊ុនផលិត និងនាំចេញជីផូស្វាតធំបំផុតរបស់ពិភពលោក កំពុងវិនិយោគយ៉ាងខ្លាំងក្នុងការអភិវឌ្ឍបាល់ទាត់ជាតិ។

 

កាលពីឆ្នាំ២០២៤ OCP បានបង្កើត មូលនិធិបណ្តុះបណ្តាលបាល់ទាត់ជាតិ (National Football Training Fund) ដោយសហការជាមួយ សហព័ន្ធបាល់ទាត់ម៉ារ៉ុក និងដៃគូឯកជន ដើម្បីលើកកម្ពស់វិស័យបាល់ទាត់របស់ប្រទេសឱ្យឈានទៅកម្រិតថ្មី។

 

លោក Hicham El Habti ប្រធានសាកលវិទ្យាល័យ Mohammed VI Polytechnic ដែលទទួលការឧបត្ថម្ភពី OCP និងជាសមាជិកគណៈកម្មាធិការយុទ្ធសាស្ត្ររបស់ OCP បាននិយាយថា ការវិនិយោគនេះធ្វើឡើងក្រោម ព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ ដើម្បីជំរុញការអភិវឌ្ឍប្រទេស។

 

លោកបានបញ្ជាក់ថា OCP បានវិនិយោគយ៉ាងច្រើនក្នុងការសាងសង់ទីលានហ្វឹកហាត់ និងមានភាពជាដៃគូជាមួយ FIFA ខណៈម៉ារ៉ុកកំពុងត្រៀមជួបម្ចាស់ផ្ទះ កាណាដា ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃ World Cup។

 

ទោះជាយ៉ាងណា ការរីកចម្រើនរបស់បាល់ទាត់ម៉ារ៉ុក មិនមែនទើបចាប់ផ្តើមនោះទេ។ តាំងពីឆ្នាំ២០០៩ ព្រះមហាក្សត្រ Mohammed VI បានណែនាំឱ្យរដ្ឋាភិបាលវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ រួមមានទីលានលេង សាលាបណ្តុះបណ្តាលយុវជន កីឡដ្ឋាន និងការបណ្តុះបណ្តាលគ្រូបង្វឹកអាជីព។

 

បន្ទាប់មក OCP បានចូលរួមគម្រោងនេះនៅឆ្នាំ២០២៤ ដោយផ្តល់មូលនិធិសម្រាប់សាលាបណ្តុះបណ្តាលបាល់ទាត់ និងបំពាក់ហេដ្ឋារចនាសម្ព័ន្ធទំនើប បច្ចេកវិទ្យាថ្មី និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

 

ផូស្វាត៖ ទ្រព្យសម្បត្តិដែលជួយទាំងកសិកម្ម និងបាល់ទាត់

 

ភាពរីកចម្រើនរបស់ម៉ារ៉ុកក្នុងវិស័យបាល់ទាត់ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក បន្ទាប់ពីក្រុមជម្រើសជាតិឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 និងឈ្នះជើងឯក Africa Cup of Nations 2025។

 

រ៉ែផូស្វាត គឺជាធនធានដ៏សំខាន់សម្រាប់ផលិតជីកសិកម្ម ហើយមិនអាចផលិតសិប្បនិម្មិតបានដូចជាជីអាសូតឡើយ។ ម៉ារ៉ុកមានទុនបម្រុងផូស្វាតដ៏ធំបំផុតមួយក្នុងពិភពលោក ដែលជាចំណុចសំខាន់សម្រាប់សន្តិសុខស្បៀងអាហារពិភពលោក។

 

លោក Josh Linville អ្នកវិភាគទីផ្សារជីកសិកម្មពីក្រុមហ៊ុន StoneX បាននិយាយថា៖ «ម៉ារ៉ុកគឺជាចំណុចភ្លឺមួយក្នុងទីផ្សារផូស្វាតពិភពលោក ខណៈប្រទេសផ្សេងៗកំពុងប្រឈមបញ្ហាជាច្រើន»។

 

លោកបានបន្ថែមថា ចិនកំពុងរឹតបន្តឹងការនាំចេញ រុស្ស៊ីប្រឈមហានិភ័យភូមិសាស្ត្រនយោបាយ សហរដ្ឋអាមេរិកមានភាពមិនច្បាស់លាស់ក្នុងការផលិត ខណៈអារ៉ាប៊ីសាអូឌីតក៏ប្រឈមបញ្ហាសន្តិសុខនៅច្រកសមុទ្រ Hormuz។

 

ថ្មីៗនេះ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់ លោក Donald Trump ក៏បានបន្ធូរបន្ថយការរឹតត្បិតលើការនាំចូលផូស្វាតពីម៉ារ៉ុក ដើម្បីដោះស្រាយបញ្ហាកង្វះផ្គត់ផ្គង់ និងការកើនឡើងតម្លៃជីកសិកម្ម។

 

បាល់ទាត់នាំមកនូវសេចក្ដីសង្ឃឹមដល់ប្រជាជន

 

សម្រាប់លោក Hicham El Habti ការវិនិយោគរបស់រដ្ឋក្នុងវិស័យបាល់ទាត់ បានបង្កើតលទ្ធផលជាក់ស្តែងដែលអាចមើលឃើញពីទឹកមុខប្រជាជន។

...

 

លោកបាននិយាយថា៖ «អ្នកនឹងឃើញមនុស្សគ្រប់គ្នាញញឹម។ វារំលឹកយើងទៅឆ្នាំ២០២២។ ម៉ារ៉ុកជាប្រទេសដែលពោរពេញដោយសុភមង្គលអស់រយៈពេលពីរខែ បន្ទាប់ពី World Cup។ ឥឡូវនេះ ខ្ញុំក៏មានអារម្មណ៍ថាមានថាមពល និងបរិយាកាសដូចគ្នានោះដែរ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print