នគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីលួចមានស្ថានទម្ងន់ទោស(កាប់គាស់បំផ្លាញអគារគ្មានមនុស្សស្នាក់នៅក្នុងតំបន់ឧទ្យានOP

ចែករំលែក៖

   ខេត្តស្វាយរៀង: នគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ៧នាក់ករណី លួចមានស្ថានទម្ងន់ទោស(កាប់គាស់បំផ្លាញអគារគ្មានមនុស្សស្នាក់នៅ ក្នុងតំបន់ឧទ្យានOP ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

   នគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមាន១-ឈ្មោះសេះ ឧត្តម្ភ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែ មុខរបរមិនប្រាកដ មានទីលំនៅភូមិវិហារសួរ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ២-ឈ្មោះមាស អេន   ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្ដីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រុំ  ខេត្តស្វាយរៀង។៣-ឈ្មោះថន វ៉ានឃីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែ មានទីលំនៅ ភូមិខ្លាលោត  ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

៤- ឈ្មោះ ថា ស្រីលីស ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចចក១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ៥-ឈ្មោះសេង សុខខុន ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយ មានទីលំនៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀង (អ្នកទទួលផលចោរកម្ម)។ ៦-ឈ្មោះសុខ ធឿនជនជាតិខ្មែរ ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង (អ្នកទទួលផលចោរកម្ម) និងទី៧-ឈ្មោះស វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែ មានទីលំនៅភូមិដង្កោទាប ឃុំដង្កោទាប ស្រុកដំណាក់លួង ខេត្តបាត់ដំបង។ (អ្នកដើរចូលក្នុងអគារបម្រុងរកលួច)។

   ប្រភពដដែលបន្តថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងការចង្អុលបង្ហាញជំនាញផ្ទាល់ពីលោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ សំ សំអុល អធិការនគរបាលក្រុងបាវិតបានបញ្ជាកម្លាំងជំនាញឱ្យស្រាវជ្រាវករណី លួចដោយមានស្ថានទម្ងន់ទោស(កាប់គាស់បំផ្លាញអគារ) ក្នុងរយៈពេល០២ថ្ងៃ (ទី១-ទី២ ខែកក្កដា ឆ្នាំ២០២៦ ) កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានបង្ក្រាបជនសង្ស័យចូលទៅបំផ្លាញនិងលួចយកសម្ភារៈរបស់ក្រុមហ៊ុន នៅចំនុចអគារគ្មានមនុស្សស្នាក់នៅ ក្នុងតំបន់ឧទ្យាន OP ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត  ក្រុងបាវិត ខេត្តស្វាយរៀងនិងបានឃាត់ខ្លួនមនុស្សសរុប៧នាក់ ស្រី៣នាក់រួមទាំងវត្ថុតាងនៅនឹងកន្លែងកើតហេតុផ្ទាល់។

   នៅចំពោះមុខសមត្ថកិច្ចយើងជនសង្ស័យទាំង៧នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចូលអគារលួចយកសម្ភារៈនិងវាយយកដែកដើម្បីទុកលក់និងទទួលទិញប្រាកដមែន។ 

   សមត្ថកិច្ចដកហូតវត្ថុតាងនិងមធ្យោបាយធ្វើសកម្មភាពរួមមានម៉ូតូកង់បីចំនួន០១គ្រឿង, ម៉ូតូសណ្ដោងរ៉ឺម៉កចំនួន០២គ្រឿង, ម៉ូតូ០៤គ្រឿង, ទូរស័ព្ទដៃ០៥គ្រឿង, ដែកនិងសម្ភារៈដែលលួចបានមួយចំនួន និងក្រាមសថ្លាសង្ស័យសារធាតុញៀន០១កញ្ចប់តូច (របស់ឈ្មោះស វុទ្ធី )។

   បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ សមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការតាមច្បាប់៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print