យុទ្ធនាការរបស់ក្រុមជម្រើសជាតិអាស៊ីនៅព្រឹត្តិការណ៍ FIFA World Cup 2026 បានបញ្ចប់យ៉ាងខកចិត្ត បន្ទាប់ពី អូស្ត្រាលី ចាញ់ អេហ្ស៊ីប ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីនៅទីក្រុង Dallas កាលពីថ្ងៃសុក្រ ដែលជាការបញ្ចប់ក្តីសង្ឃឹមចុងក្រោយរបស់តំបន់អាស៊ី។
ក្នុងចំណោម ២៩ ប្រកួត ដែលក្រុមអាស៊ីទាំង ៩ ប្រទេស បានលេងនៅ World Cup លើកនេះ ពួកគេអាចរកបានត្រឹម ៣ ជ័យជម្នះប៉ុណ្ណោះ ដែលជាលទ្ធផលដ៏ខកចិត្តសម្រាប់តំបន់ដែលមានប្រជាជនជាងពាក់កណ្តាលពិភពលោក។
ទោះបីអាស៊ីបានបញ្ជូនក្រុមចូលរួមច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក៏ដោយ ក៏ គ្មានក្រុមណាមួយអាចឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយបានឡើយ ដែលជាលើកដំបូងចាប់តាំងពី World Cup ឆ្នាំ ២០១៤ នៅប្រេស៊ីល។
ជប៉ុន និងអូស្ត្រាលី នៅតែបរាជ័យនៅវគ្គ ចាញ់ធ្លាក់
ជប៉ុន និង អូស្ត្រាលី បានឡើងផុតវគ្គចែកពូល ប៉ុន្តែត្រូវធ្លាក់នៅវគ្គចាញ់ធ្លាក់ (Knockout) ដូចគ្នានឹងការប្រកួតឆ្នាំ ២០១៨ និង ២០២២។
រហូតមកដល់ពេលនេះ ប្រទេសទាំងពីរនេះ មិនទាន់ឈ្នះការប្រកួតណាមួយនៅវគ្គ ចាញ់ធ្លាក់ World Cup ក្នុងឱកាសសរុប ៨ លើក របស់ពួកគេ។
ចំណែក កូរ៉េខាងត្បូង, អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ង់, ហ្ស៊កដានី, អ៊ូសបេគីស្ថាន, អ៊ីរ៉ាក់ និងកាតារ សុទ្ធតែធ្លាក់ត្រឹមវគ្គចែកពូល។
ក្នុងចំណោមក្រុមទាំងនេះ មានតែ កូរ៉េខាងត្បូង ប៉ុណ្ណោះដែលអាចឈ្នះមួយប្រកួត ដោយយកឈ្នះ សាធារណរដ្ឋឆេក មុនចាញ់ ម៉ិកស៊ិក និង អាហ្វ្រិកខាងត្បូង ហើយធ្លាក់ចេញក្រោមបរិយាកាសមិនល្អ ដោយសារបញ្ហាផ្ទៃក្នុងក្រុម។
អ៊ីរ៉ង់ មិនចាញ់ ប៉ុន្តែមិនអាចឡើងវគ្គបន្ត
អ៊ីរ៉ង់ បានបញ្ចប់ការប្រកួតដោយមិនស្គាល់ចាញ់ ដោយស្មើជាមួយ នូវែលសេឡង់, បែលហ្ស៊ិក និងអេហ្ស៊ីប ប៉ុន្តែមិនអាចឡើងវគ្គបន្តបាន ខណៈក្រុមត្រូវប្រឈមបញ្ហាជាច្រើនក្រៅទីលាន ដែលបណ្តាលមកពីជម្លោះរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
Philippe Troussier៖ អាស៊ីខ្វះកីឡាករដែលអាចផ្លាស់ប្តូរលទ្ធផល
អតីតគ្រូបង្វឹកជប៉ុន និងកាតារ Philippe Troussier បាននិយាយថា៖ «ក្រុមអាស៊ីមានការរៀបចំល្អ មានវិន័យ និងយុទ្ធសាស្ត្ររឹងមាំ។ ប៉ុន្តែពួកគេខ្វះគុណភាពបុគ្គល ដែលអាចបង្កើតភាពខុសគ្នាក្នុងពេលសំខាន់ៗ។»
លោកបន្ថែមថា នៅកម្រិត World Cup ការរៀបចំល្អតែមួយមុខមិនគ្រប់គ្រាន់ទេ តែត្រូវការកីឡាករដែលអាចបង្កើតគ្រាប់បាល់ ឬផ្លាស់ប្តូរលទ្ធផលដោយសមត្ថភាពផ្ទាល់ខ្លួន។
មានពន្លឺខ្លះ ប៉ុន្តែមិនគ្រប់គ្រាន់
អាស៊ីក៏មានពេលវេលាលេចធ្លោខ្លះដែរ ដូចជា៖
កីឡាករ Eldor Shomurodov របស់អ៊ូសបេគីស្ថាន ស៊ុតបានមួយគ្រាប់ដ៏ស្រស់ស្អាតទល់នឹង DR Congo។
កីឡាករ Mousa Al-Tamari របស់ហ្ស៊កដានី ក្លាយជាកីឡាករដំបូងដែលអាចស៊ុតបញ្ចូលទីលើក្រុមការពារជើងឯក អាហ្សង់ទីន នៅ World Cup ឆ្នាំ ២០២៦។
ប៉ុន្តែទាំង ហ្ស៊កដានី និង អ៊ូសបេគីស្ថាន ដែលបង្ហាញខ្លួននៅ World Cup ជាលើកដំបូង សុទ្ធតែចាញ់ទាំង ៣ ប្រកួត ក្នុងវគ្គចែកពូល។
អ៊ីរ៉ាក់ ដែលវិលត្រឡប់មក World Cup ជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ ក៏មិនអាចធ្វើអ្វីបានដែរ ដោយស្ថិតក្នុងពូលដ៏លំបាកជាមួយ បារាំង, ន័រវែស និងសេណេហ្គាល់។
អាហ្វ្រិកមានប្រៀបជាងអាស៊ី
ការលេងមិនបានល្អរបស់ក្រុមអាស៊ី បានធ្វើឱ្យមានការប្រៀបធៀបជាមួយក្រុមមកពីទ្វីបអាហ្វ្រិក ដែលកំពុងរីកចម្រើនយ៉ាងខ្លាំង ដោយសារមានកីឡាករជាច្រើនកើត ឬលេងនៅអឺរ៉ុប។
លោក Troussier បានសន្និដ្ឋានថា៖
«ការប្រកួតធំៗជាច្រើន ត្រូវបានសម្រេចដោយគុណភាពរបស់កីឡាករបម្រុង មិនមែនតែកីឡាករ ១១ នាក់ដំបូងប៉ុណ្ណោះទេ។»
លោកបន្តថា ជប៉ុនមានក្រុមដំបូងល្អ ប៉ុន្តែពេលមានរបួស ពួកគេខ្វះជម្រើសល្អសម្រាប់ជំនួស។
ចំណែកក្រុមអាហ្វ្រិកវិញ មានកីឡាករជាច្រើនប្រកបអាជីពនៅលីគកំពូលអឺរ៉ុប និងមានបទពិសោធន៍ក្នុងការប្រកួតកម្រិតខ្ពស់ ដែលជាកត្តាសំខាន់បង្កើតភាពខុសគ្នានៅក្នុងការប្រកួត FIFA World Cup៕










