កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បង្ក្រាបករណីបាញ់សម្លាប់ប្លន់ និងលួចកាច់ក.ម៉ូតូ ឃាត់ខ្លួនជនសង្ស័យ ៣នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណី បាញ់សម្លាប់ប្លន់ ដោយអាវុធវែង AK-47 និងករណី លួចកាច់ក.ម៉ូតូយ៉ាង សកម្មចំនួន ៤លើក នៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានឃាត់ខ្លួន រួមទាំងជនសង្ស័យជាជនដៃដល់ និងអ្នកទទួលផលចោរកម្ម។

ការបង្ក្រាបនេះបានធ្វើឡើង ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស,លោកគួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែជំរុញឲ្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ , កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រកាន់ខ្ជាប់នូវទិសស្លោក « ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា !។

ករណីឃាតកម្ម,ប្លន់បាញ់សម្លាប់ជនរងគ្រោះ ឈ្មោះ សូនី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកសិករ រស់នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅរោងចាំចំការពោត ចម្ងាយប្រមាណ ៥គីឡូម៉ែត្រខាងក្រោយភូមិក្នុងសង្កាត់សំពៅពូន ត្រូវបានបង្កឡើងដោយជនសង្ស័យ ០២នាក់ជាគូសង្សារ គឺឈ្មោះ មិនា ភេទប្រុស អាយុ ២១ឆ្នាំ និងឈ្មោះ ចាន់ តុលា ភេទស្រី អាយុ ១៨ឆ្នាំ។

ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ ដោយអាវុធ AK-47 ០១គ្រាប់ចំក្បាល ហើយបានយកម៉ូតូ និងសម្ភាររបស់ជនរងគ្រោះទៅបាត់។

ក្រៅពីករណីឃាតកម្មនេះ ជនសង្ស័យទាំង០២នាក់ ក៏បានសារភាពថា បានធ្វើសកម្មភាពលួចកាច់ក.ម៉ូតូជាច្រើនលើកផងដែរ។ ជាក់ស្តែង នៅវេលាម៉ោង ៩:០០ នាទី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ ពួកគេបានលួចម៉ូតូម៉ាក HONDA DREAM C125 របស់ជនរងគ្រោះ ឈ្មោះ សុខុម ភេទស្រី អាយុ ៤៤ឆ្នាំ នៅចំណុចមុខវត្តសំពៅមាស ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ។ លើសពីនេះ ឈ្មោះ មិនា ក៏ធ្លាប់បានធ្វើសកម្មភាពកាច់ក.ម៉ូតូ០២លើកទៀត កាលពីខែមេសា ឆ្នាំ ២០២៦ ជាមួយបក្ខពួកម្នាក់ ឈ្មោះ ពី (ខ្លា) នៅក្រុងសំពៅពូន ដោយលួចបានម៉ូតូម៉ាក C125 មួយគ្រឿង និងម៉ូតូម៉ាក SCOOPY ១គ្រឿងទៀត។ ម៉ូតូដែលលួចបានទាំងអស់ ត្រូវបានជនសង្ស័យយក ទៅលក់ឲ្យ ឈ្មោះ ធូ ហៅ (ធី ) ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ម្ហូប រស់នៅរាជធានីភ្នំពេញ ដែលជាមុខសញ្ញាធ្លាប់ចេញពីពន្ធនាគារករណី(ទទួលផលចោរកម្ម) ។

ក្រោយទទួលបានព័ត៌មានពីហេតុការណ៍ទាំងនេះថ្នាក់ដឹកនាំពាក់ព័ន្ធ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋានក្រុងសំពៅពូន ចុះស្រាវជ្រាវស្វែងរកជនដៃដល់ ។ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ បានសហការគ្នា ,កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។

លុះនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ចាន់ តុលា នៅចំណុចស្ពានលេខ៦៥ ភូមិព្រែកគង់ សង្កាត់ -ក្រុងសំពៅពូន ខណៈកំពុងជិះម៉ូតូដែលបានប្រើប្រាស់ក្នុងការបាញ់សម្លាប់ប្លន់ និងលួចកាច់ក.ម៉ូតូ ។ នៅថ្ងៃ.ខែ.ឆ្នាំដដែល កម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មិនា ពេលចុះពីលើរថយន្តឈ្នួលនៅចំណុចស្ពាន ៦៧ ក្រោយវត្តកោះទៀវ ភូមិកោះទៀវ(ខ) សង្កាត់សំពៅពូន ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ មិនា ម៉ូតូដែលខ្លួនលួចបានយកទៅលក់ឲ្យ ឈ្មោះ ធូ ហៅ( ធី)។

បន្តមក នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ធូ ហៅ ( ធី)ដែលជាអ្នកទទួលផលចោរកម្ម នៅចំណុចភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងម៉ូតូចំនួន ០២គ្រឿង ក្នុងនោះមាន :ម៉ូតូ ០១គ្រឿងជារបស់ជនរងគ្រោះឈ្មោះ សុខុម ដែលឈ្មោះ ធូ ហៅ ធី យកទៅឲ្យជាងជួសជុល ។ ចំពោះអាវុធ AK-47 ដែលជនសង្ស័យ មិនា បានប្រើប្រាស់ ក៏ត្រូវបានប្រជាពលរដ្ឋរើសបាន និងប្រគល់ជូននគរបាលប៉ុស្តិ៍រកាខ្ពស់ រួចបានប្រគល់បន្តមកជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីកសាងនីតិវិធីតាមច្បាប់! ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបាន តុលាការ ខេត្តកណ្តាល ចេញដីកា បន្តឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ហើយ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print