ខេត្តកណ្ដាល÷ នារីរងគ្រោះម្នាក់បានក្លាហានជិះម៉ូតូដេញតាម និងធាក់ម៉ូតូរបស់ក្រុមជនសង្ស័យបណ្ដាល ឲ្យដួលទៅលើផ្លូវជាតិ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់នាងបានសម្រេច។ ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរខាងបានចេញមកជួយចាប់ឃាត់ ខ្លួនមុខសញ្ញាញៀនថ្នាំបានម្នាក់ប្រគល់ជូនសមត្ថកិច្ច ខណៈបក្ខពួកម្នាក់ទៀតបានលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។ អំពើលួចមានស្ថានទម្ងន់ទោសនេះ បានកើតឡើងកាលពីថ្ងៃទី៤ កក្កដា ២០២៦ វេលាម៉ោង ៩ និង២០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សេង មករា ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួនមានឈ្មោះ ស្រី សីហា ហៅហាក់ (ប្រុស, ២២ឆ្នាំ) មានទីលំនៅភូមិព្រែកអ៊ុង ឃុំកោះខែល។
ដោយឡែក ជនរងគ្រោះឈ្មោះ ធី ស៊ីណាត ភេទ ស្រី អាយុ២៤ឆ្នាំ ជាកម្មករទឹកសុទ្ធ រស់នៅភូមិព្រែកមេស្រុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ប្រូម៉ាក់ពណ៌ទឹកមាស ១គ្រឿង ដែលជារបស់ជនរងគ្រោះ រួម និងជំពាមកៅស៊ូដងឈើ ១ និងគ្រាប់ថ្មមួយចំនួនជារបស់ជនសង្ស័យ។
លោកអធិការបានបន្តថា មុនពេលកើតហេតុជនរង គ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាស្គូពីពណ៌ស ពាក់ផ្លាកលេខ កណ្ដាល ១អេប៊ី០៣៦៦ តែម្នាក់ឯងចេញពីផ្ទះ។ លុះពេលធ្វើដំណើរត្រឡប់មកពីផ្សារកោះធំវិញ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យទាំង ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ មិនចាំផ្លាកលេខ ជិះដេញតាមពីក្រោយ។ ពេលនោះ ជនសង្ស័យឈ្មោះ ស្រី សីហា ជាអ្នកឌុប លុះជិះមកដល់ទន្ទឹមគ្នាឈ្មោះ សេង មករា បានលូកដៃឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលដាក់ក្នុងឃ្លុបម៉ូតូខាង មុខបានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួនទៅទិសខាងជើង។ ភ្លាមនោះ ជនរងគ្រោះមិនបានតក់ស្លុតឡើយ ក៏បានជិះម៉ូតូដេញតាមពីក្រោយរហូតទាន់ទន្ទឹម គ្នា រួចលើកជើងធាក់ម៉ូតូជនសង្ស័យបណ្ដាលឲ្យដួលទៅលើផ្លូវជាតិ ហើយស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នក ភូមិចេញមកជួយចាប់បានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតបានលើកម៉ូតូជិះគេចខ្លួនបាត់។
លោកអធិការបញ្ជាក់ថា ក្រោយទទួលបានសេចក្ដីរាយ ការណ៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មីបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងនាំខ្លួនជន សង្ស័យឈ្មោះ សេង មករា មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីសួរនាំ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួន និងមិត្តភក្ដិឈ្មោះ ស្រី សីហា ពិតជាបាននាំគ្នាធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់បក្ខពួកដែលកំពុងរត់គេចខ្លួន៕
ដោយ៖ សុរិយា










