ភ្លើងឆេះព្រៃកំពុងឆាបឆេះគ្របដណ្តប់លើប្រទេសមួយចំនួននៅអឺរ៉ុប

ចែករំលែក៖

ភ្លើងឆេះព្រៃនៅទូទាំងប្រទេសអឺរ៉ុបជាច្រើនបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញ ខណៈដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងម្តងទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

អ្នកពន្លត់អគ្គិភ័យរាប់រយនាក់កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះដែលបានបំផ្លាញផ្ទៃដីជាង 19,000 ហិកតានៅក្នុងប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ បារាំង និងក្រិក។ សីតុណ្ហភាពនៅទូទាំងទ្វីបអឺរ៉ុបកំពុងកើនឡើង ដែលត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ 40°C នៅក្នុងតំបន់មួយចំនួនដែលនៅតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយរលកកំដៅដែលបំបែកកំណត់ត្រាថ្មីៗនេះ។
មនុស្សជាង 10,000 នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅជិតទីក្រុង Perpignan ភាគខាងត្បូងប្រទេសបារាំង ខណៈដែលក្រុមពន្លត់អគ្គិភ័យព្យាយាមគ្រប់គ្រងភ្លើងដែលបានឆេះព្រៃឈើចំនួន 1,650 ហិកតា។
លោក Patrice អាយុ 53 ឆ្នាំ ជាអ្នកស្រុកភូមិ Trevillach បាននិយាយថា “អណ្តាតភ្លើងបានឆាបឆេះក្នុងចម្ងាយប្រហែល 300 ម៉ែត្រពីផ្ទះរបស់យើង។ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល និងស្ទើរតែភ័យស្លន់ស្លោ ព្រោះវារាលដាលយ៉ាងលឿនមិនគួរឱ្យជឿ”។
«យើងបានឃើញផ្សែងនៅម៉ោងប្រហែល ១០:៣០ យប់ បន្ទាប់មកភ្លើងកាន់តែខិតជិតមកដល់។ បុគ្គលិកសាលាក្រុងម្នាក់បានគោះទ្វារនៅម៉ោង ១ ព្រឹក ដើម្បីធានាថាយើងទាំងអស់គ្នាបានជម្លៀសចេញ។ រថយន្តពន្លត់អគ្គិភ័យមានគ្រប់ទីកន្លែង ផ្សែងក្រាស់ណាស់» Charlotte Pignol អាយុ ៣០ ឆ្នាំ បានរៀបរាប់។
អ្នកពន្លត់អគ្គិភ័យបារាំងប្រហែល ៣០០ នាក់កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃមួយផ្សេងទៀតនៅក្នុងតំបន់ភ្នំនៃខេត្ត Drome នៅភាគអាគ្នេយ៍នៃប្រទេស។
នៅប្រទេសក្រិក ភ្លើងឆេះព្រៃបានបំផ្លាញរោងចក្រចំនួនពីរនៅភាគខាងជើងទីក្រុង Thessaloniki ដែលបង្ខំឱ្យអាជ្ញាធរជម្លៀសចេញពីតំបន់ជុំវិញ និងណែនាំគ្រួសារឱ្យបិទបង្អួចរបស់ពួកគេ។
ភ្លើងឆេះព្រៃមួយនៅជិតឆ្នេរសមុទ្រ Costa Brava នៅភាគឦសានប្រទេសអេស្ប៉ាញ បានបំផ្លាញផ្ទៃដីជាង ២២០០ ហិកតាក្នុងរយៈពេលពីរថ្ងៃ។ អ្នកពន្លត់អគ្គីភ័យអេស្ប៉ាញបាននិយាយថា កិច្ចខិតខំប្រឹងប្រែងឆ្លើយតបត្រូវបានរារាំងដោយការកើនឡើងនៃសីតុណ្ហភាព និងភ្លើងឆេះព្រៃជាច្រើនដែលមិនទាន់ពន្លត់។
ទីភ្នាក់ងារឆ្លើយតបបន្ទាន់ព័រទុយហ្គាល់បានប្រកាសថា ពួកគេបានទប់ស្កាត់ភ្លើងឆេះព្រៃបាន ៨០% ដែលបានបំផ្លាញព្រៃឈើ និងគុម្ពឈើប្រហែល ១៣.០០០ ហិកតានៅភាគខាងជើងនៃប្រទេស។ ភ្លើងឆេះព្រៃធំៗបានបំផ្លាញព្រៃឈើ គុម្ពឈើ និងចម្ការទំពាំងបាយជូររាប់រយហិកតានៅលើកោះ Hvar របស់ប្រទេសក្រូអាត និងនៅ Tale ប្រទេសអាល់បានី៕ ដោយធីរីណា

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print