រថយន្តកុងតឺន័របុករថយន្ត Tacoma បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីរថយន្តសណ្តោងទូរកុងតឺន័រមួយគ្រឿង បើករេចង្កូតទៅបុករថយន្ត Tacoma ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា លើកំណាត់ផ្លូវជាតិលេខ៦។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចវាលសសៃ ស្ថិតក្នុងភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

 

បើតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក FUSO ដឹកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3F-8463 និងសឺមីរ៉ឺម៉កលេខ ភ្នំពេញ 4A-9535 បើកបរពីត្បូងទៅជើង ដោយអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ហើយបានរត់គេចខ្លួនក្រោយកើតហេតុ។ ចំណែករថយន្តរងគ្រោះម៉ាក Tacoma ពាក់ស្លាកលេខ ភ្នំពេញ 2AB-3231 បើកបរដោយឈ្មោះ វន គឹមឡុង អាយុ ៥៥ឆ្នាំ រស់នៅឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍សម្រួលចរាចរណ៍ភ្លាមៗ ខណៈការកកស្ទះនៅលើផ្លូវជាតិលេខ៦ បានអូសបន្លាយជិត ៣ម៉ោង។ រថយន្តទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីបន្តនីតិវិធី។

 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចសន្និដ្ឋានជាជំហ៊ានដំបូងថា កររណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបររថយន្ត FUSO បើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ទៅបុករថយន្ត Tacoma ដែលកំពុងបើកបរត្រឹមត្រូវតាមគន្លងរបស់ខ្លួន៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print