ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តតូយូ៉តាព្រូសបញ្ច្រាសទិសដៅចរាចរណ៍ទៅបុករះ រ៉ឺម៉កនិងម៉ូតូ៤គ្រឿង បណ្តាលឲ្យមនុស្សចំនួន៥នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះបានកេីតឡើងកាលពី វេលាម៉ោង ៩និង៣០នាទីយប់ ត្រូវនឹង ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ ៤ ភូមិព្រៃស្វាយ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ បូ វ៉ាយ ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេង មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរ៉ឺម៉កជាងម៉ាស៉ីនត្រជាក់មួយគ្រឿងរួមដំណើរជាមួយរ៉ឺម៉កសម្រាប់ដឹកអីវ៉ាន់លក់មួយគ្រឿងនិងម៉ូតូ២គ្រឿងទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ បេីករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពាក់ផ្លាកលេខ ភ្នំពេញ 2BP-9352 ក្នុងល្បឿនលឿន
ហើយរេចង្កូតបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុករះទាំងរ៉ឺម៉កនិងម៉ូតូបណ្តាលឲ្យមានមនុស្ស៥នាក់រង របួសធ្ងន់និងស្រាល ក្នុងនោះមានម្នាក់របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










