ភ្នំពេញ៖ បច្ចុបប្បន្នទីតាំងកត់កន្ទុយលេខវៀតណាមខុសច្បាប់ ដែលកំពុងជ្រកក្រោមស្លាកក្រុមហ៊ុនឆ្នោតខ្មែរបានរីកដុះដាលស្ទើរគ្រប់កន្លែងទៅហើយ ការដែលបង្កឲ្យមានកន្ទុយលេខវៀតណាមខុសច្បាប់នេះ ប្រភពពីសមត្ថកិច្ចភាគច្រើនបានបង្ហើបឲ្យដឹងថា អ្នកកត់កន្ទុយលេខទាំងនោះជាកូនកញ្ច្រែងរបស់បុរសម្នាក់ឈ្មោះ ព្រីង។ ហេតុដូច្នេះសមត្ថកិច្ចថា មិនហ៊ានបង្ក្រាបទេ ព្រោះខ្លាចអស់ស័ក្តិ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ទីតាំងកត់កន្ទុយលេខវៀតណាមជ្រកក្រោមស្លាកក្រុមហ៊ុនឆ្នោតខ្មែរ ដែលមានទីតាំងនៅក្បែរសាលាសង្កាត់ស្ទឹងមានជ័យគឺវេប្រាក់យីហោ អេ អឹម ខេ និងទីតាំងដូរលុយធ្វើមាស អាជីវករលក់ដូរនៅទីនោះពពាក់ពពួនគ្នាចូលកត់ចាក់កន្ទុយលេខវៀតណាមខុសច្បាប់ ហើយទីតាំងខាងលើនេះជាកន្លែងស៊ីសងលុយរាប់លៀនរៀលហើយហ៊ានធានាមិនជំពាក់កូន(អ្នកចាក់) និងហ៊ានធានាទទួលខុសត្រូវចំពោះមុខសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបនោះទេ។
ទីតាំងកត់កន្ទុយលេខនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទទួលជ័យលាភីលេខ២ បន្ទាប់ពីមូលដ្ឋានសង្កាត់បឹងទំពន់ ដែលកន្លងទៅសមត្ថកិច្ចចុះបង្ក្រាបតែមួយដង្ហើមចង្រឹត ហើយដោះលែងវិញនោះ លោកអធិការរងនគរបាលខណ្ឌម្នាក់បានសង្កត់ធ្ងន់ទៅលើនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យថា មិនដែលឃើញរាយការណ៍ម្តងទេចំពោះបញ្ហាល្បែងស៊ីសង ហើយបញ្ហាពាក់ព័ន្ធនិងអ្នកដើរប្រមូលពីទីតាំងល្មើសទាំងនេះលោកអធិការរងរូបនេះថា លោកបានដឹងអស់ហើយហេតុដូច្នេះប្រយ័ត្នផងមន្ត្រីព្រហ្មទណ្ឌរូបនោះ។
ពាក់ព័ន្ធនឹងឈ្មោះ ព្រីង ដែលល្បីថា ជាមេកន្ទុយលេខដ៏ធំគួរសមដែរនោះ លោកអធិការរងខណ្ឌមា្នក់ក៏បានបង្ហើបថា មិនមានពាក់ព័ន្ធខ្សែរអីនឹងស្នងការនោះទេ គ្រាន់តែជាអ្នករកស៊ីប៉ុណ្ណោះ។ ដោយឡែកនៅក្នុងមូលដ្ឋានខណ្ឌដង្កោឯនោះវិញ អ្នកកត់កន្ទុយលេខកន្លែងមួយចំនួនក៏បានប្រាប់ឲ្យដឹងដែរថា ពួកគាត់កត់ឲ្យលោក ព្រីង បញ្ហានេះគាត់ជាអ្នកទទួលខុសត្រូវ។
ជាមួយគ្នានេះផងដែរ នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យក៏បានឲ្យដឹងតាមទូរស័ព្ទថា លោកពុំដែលបានទទួលកម្រៃជើងសារពីអ្នកកត់កន្ទុយលេខនោះ ហើយទីតាំងនោះជាកូនកញ្ច្រែងអាព្រីង។
គួរបញ្ជាក់ឲ្យដឹងផងដែរថា មេកន្ទុយលេខវៀតណាមខុសច្បាប់គឺមានគូរបដិបក្សនឹងគ្នាដណ្តើមកូនកញ្ច្រែងគ្នា ដោយមេកន្ទុយលេខទាំងនោះម្នាក់ៗហ៊ាននិយាយអះអាងលើអ្នកកត់ជាកូនកញ្ច្រែងទទួលខុសត្រូវក្នុងការចុះបង្ក្រាបពីសមត្ថកិច្ចរហូតដល់តុលាការផងដែរ។ ការធានាទទួលខុសត្រូវបែបនេះទើបធ្វើឲ្យអ្នកទទួលកត់ជាកូនកញ្រ្ចែងមានភាពកក់ក្តៅឬក៏មានសិទ្ធិជ្រើសរើសមេណាខ្លាំងនិងខ្សោយ។ ម្យ៉ាងវិញទៀតអ្នកកត់ជាកូនកញ្ច្រែងខ្លះក៏អាចក្លាយជាជនរងគ្រោះផងដែរ ខណៈដែលមេៗកន្ទុយលេខទាំងនោះមានជម្លោះគ្នា៕
ដោយ៖ តាឡឹម