ខេត្តកំពង់ស្ពឺ÷ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ខែកក្កដានេះថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ចាត់ការ
តាមីតិវិធីករណីប្រើអំពើហិង្សានៅក្រុងឧដុង្គម៉ែជ័យ។
ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១៩:៣០នាទីយប់ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា,មមានស្ថានទម្ងន់ទោស ស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យមាន ឈ្មោះ គីម ស៊ូជៀន ហៅ(បុី) ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
មូលហេតុមុនឈានដល់ករណីហិង្សានេះ ដោយជន សង្ស័យខឹងនឹងជនរងគ្រោះចោទថាចូលលួចសម្ភារៈក្នុងផ្ទះរបស់ខ្លួន ទើបបណ្តាលឲ្យជនសង្ស័យធ្វើសកម្មភាពយកដំបងឫស្សីវាយលើជនរងគ្រោះ ត្រូវក្បាល១ ដំបង បណ្តាលឱ្យរងរបួសហូរឈាម និងវាយត្រូវដៃ ៣ដំបងទៀត បណ្តាលឱ្យរងរបួសហើមដៃខាងស្តាំ។
ជនរងគ្រោះមាន ឈ្មោះ ខៀវ ខុន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិចំការយាយផែង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










