ខេត្តមណ្ឌលគីរី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី ប្រមាណ៥០០នាក់ នៅទីរួមខេត្តមណ្ឌលគិរី។
ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។
មន្ត្រីមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគិរីនេះ បានបង្ហាញក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោប្រធានព្រឹទ្ធសភានាពេលនេះ ពិសេសខេត្តមណ្ឌលគិរីជាខេត្តភូមិភាគឥសាន ឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែសម្តេចអញ្ជើញមកដោយផ្ទាល់ ណែនាំដល់មន្ត្រីនៅមូលដ្ឋានលើការបំពេញការងារបម្រើសេវាជូនដល់ពលរដ្ឋ។ នៅមណ្ឌលគិរីមានសណ្ឋានជាតំបន់ភ្នំ មានដង់ស៊ីតេប្រជាជនរស់នៅឆ្ងាយៗពីគ្នា ទោះមានការលំបាកខ្លះក្នុងការផ្តល់សេវាជូនពលរដ្ឋ នបងប្អូនជនជាតិដើមភាគតិចរស់នៅឆ្ងាយយ៉ាងណា ក៏មន្ត្រីនៅមូលដ្ឋាន ប្តេជ្ញាធ្វើយ៉ាងណាបំពេញការងារបម្រើផ្តល់សេវាដល់ពលរដ្ឋអោយបានល្អប្រសើរ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តទី២០ហើយ ដែលសម្តេចតេជោបានអញ្ជើញចុះជួបសំណេះសំណាលតាមបណ្តាខេត្ត ជាដំណើរចុះមកមូលដ្ឋានរបស់សម្តេចប្រធានព្រឹទ្ធសភា។ ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឥសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយផ្លូវប្រវែង ៣៨២គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ។ មានក្រុងសែនមនោរម្យ ជាទីរួមខេត្ត និងស្រុកចំនួន ០៤ ដែលចែក ចេញជា ០៤សង្កាត់ ១៧ឃុំ និង ៩២ភូមិ។ ខេត្តមានផ្ទៃដីសរុបចំនួន ១៤.២៨៨គីឡូម៉ែត្រក្រឡា ប្រជាពលរដ្ឋ សរុបចំនួន ១០៩,៤២៩នាក់ ស្រីចំនួន ៥៤,២១២នាក់ ស្មើនឹង ២៧,២៨៥គ្រួសារ មានដង់ស៊ីតេប្រជា ពលរដ្ឋស្មើនឹង ០៨នាក់/គីឡូម៉ែត្រក្រឡា កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំប្រមាណ ២.៧៤% មានជនជាតិ ដើមភាគតិចចំនួន ៨អំបូរជនជាតិ ក្នុងនោះមាន ព្នង ក្រោល គ្រឹង ស្បៀង ទំពួន ចារាយ កួយ និងផ្ទួន ។ មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង ៣១៩.០៩៥គីឡូម៉ែត្រ ព្រំប្រទល់ខាងកើត និងខាងត្បូងជាប់ខេត្តដាក់ឡាក់ ខេត្តឡឹមដុង និងទីក្រុងដុងណាយ នៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ខាងជើងជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី និងខាងលិចជាប់ខេត្តក្រចេះ ។ ប្រជាពលរដ្ឋ មានមុខរបរចម្បងក្នុងវិស័យកសិកម្ម ៨២% វិស័យសិប្បកម្ម ១% និងវិស័យសេវាកម្ម ១៧% និងមាន GDP សម្រាប់មនុស្សម្នាក់ៗសរុបចំនួន ២,១២២.៥៨ ដុល្លាអាមេរិក (ទិន្នន័យឆ្នាំ២០២៣ របស់ មន្ទីរផែនការខេត្ត) ។ ខេត្តមានច្រកទ្វារព្រំដែនទ្វេភាគី សំខាន់ៗចំនួន០៣ សម្រាប់ទំនាក់ទំនងការងារ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសវៀតណាម ក្នុងនោះមាន ៖ ច្រកទ្វារឡាប៉ាខេ ស្រុកកែវសីមា, ច្រក ទ្វារដាក់ដាំ ស្រុកអូររាំង, ច្រកទ្វារណាំលៀរ ស្រុកពេជ្រាដា, ដោយឡែក ច្រកទ្វារជីមៀត ស្រុកកោះញែក (មិនទាន់មានដំណើរការ ដោយសារ មិនទាន់មានផ្លូវ គមនាគមន៍)។
ចំពោះវិស័យកសិកម្ម កសិ-ឧស្សាហកម្ម គឺខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដី ធំទូលាយ ដីសំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទីរ និងដំណាំសំខាន់ៗជាច្រើនទៀត ។ ម្យ៉ាងវិញទៀត ខេត្តមណ្ឌលគិរី មានច្រកទ្វារព្រំដែនទ្វេភាគីចំនួន៣ ជាប់ប្រទេសវៀតណាម ៣ខេត្ត អំណោយផលក្នុងការ ដោះដូរកសិផលរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ។ ជាក់ស្តែង ផ្ទៃដីផលិតកម្មមានប្រមាណ ១២៣ ៦៨៥ហិកតា ទទួលបានបរិមាណផលប្រមាណ ៥២៤ ៣៥៧តោន ក្នុងនោះផ្ទៃដីដាំដុះ ដំណាំស្រូវប្រមាណ ៣៣ ៣៣៤ហិកតា ទទួលបានបរិមាណផល ១១២ ៥៨១តោន, ផ្ទៃដីកៅស៊ូ ប្រមាណ ៤៣ ៩១២ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២ ៧៨៦ហិកតា បរិមាណផល ជ័រកៅស៊ូប្រមាណ ២៩ ៣០៤តោន, ដំណាំស្វាយចន្ទី មានប្រមាណ ១១ ១៦៥ហិកតា បរិមាណ ផលសរុប ១០ ៣២៨តោន, ដំណាំម្រេច ប្រមាណ ១ ៣៥៨ហិកតា បរិមាណផលសរុប ៣ ៣៣៦ តោន កាហ្វេប្រមាណ ៦២៧ហិកតា បរិមាណផលសរុប ១ ២៤៧តោន ដំណាំបន្លែប្រមាណ ៦៣៣ ហិកតា បរិមាណផលសរុប ៧ ០២៧តោន រួមទាំងដំណាំឧស្សាហកម្ម និង ដំណាំរួមផ្សំដទៃទៀត។ ចំណូលពីផលិតកម្មកសិកម្មឆ្នាំ២០២៥ សរុបប្រមាណ ១២១លាន ដុល្លារអាមេរិក។ ខេត្តមណ្ឌលគិរី មានផ្ទៃដីអាចធ្វើស្រែបានប្រមាណ ជាង ៤ម៉ឺនហិកតា និងផ្ទៃដាំដុះដំណាំផ្សេងៗជាច្រើនពាន់ ហិកតាទៀត។បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មសរុបចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដីសរុប ចំនួន ១៤៧.
០១៣,០៥ហិកតា ដែលភាគច្រើនបានវិនិយោគលើការដាំដុះដំណាំ កៅស៊ូ និង ដំណាំសំខាន់ៗជាច្រើនទៀត ។ ខេត្តមានទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ទំនប់អូរទេធិបតី និងទំនប់ផ្សេងៗទៀត រួមទាំងសំណង់សិល្បៈការជាច្រើនកន្លែង ដែលអាចបង្ក លក្ខណៈ និងអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែចំការ ជាពិសេស ក្នុងភូមិសាស្ត្រស្រុក កោះញែក ដែលអាចឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើស្រែចំការ ។
វិស័យទេសចរណ៍ ក្នុងខេត្ត មានតំបន់រមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តសរុបចំនួន ១០៥កន្លែង ក្នុងនោះតំបន់រមណីយដ្ឋានទេសចរណ៍ទាក់ទាញ ដែលអាចធ្វើដំណើរទៅដល់មានចំនួន ៣៧ កន្លែង រួមមាន ទឹកជ្រោះ តំបន់ទេសភាព វាលស្មៅ ជាដើម ជាពិសេស មាន អាកាសធាតុត្រជាក់ ស្រួល ។ បច្ចុប្បនេះ ខេត្តមានសេវាកម្មទេសចរណ៍ រួមមាន សណ្ឋាគារ រីសតន៍ ផ្ទះលំហែរ ម៉ូតែល ផ្ទះ សំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មទេសចរណ៍ផ្សេងៗ ជាច្រើនទៀត នៅក្នុងខេត្ត មណ្ឌលគិរី ដែលអាចបម្រើបានតាមសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ និងមានក្រុមហ៊ុនវិនិយោគ លើវិស័យទេសចរណ៍ ដោយឯកជនសរុបមានចំនួន ០៤ក្រុមហ៊ុន ផងដែរ ។
ការវិនិយោគលើវិស័យរ៉ែទូទាំងខេត្តសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់ រ៉ែមាស ជាផ្លូវការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផល ដោយ ចម្រាញ់រ៉ែមាសបានចំនួនប្រមាណជាង ១៨តោនមាស ។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី៕
ដោយ៖តារា










