ខេត្តកំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងសេចក្តីសោមនស្ស ដែលបានមកចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-កំពង់ចាម) ក្រោមក្របខ័ណ្ឌឥណទាន សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ» ជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
- សម្ដេចធិបតី ថ្លែងថា ផ្អែកតាមការរាយការណ៍របស់ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, កំណាត់ផ្លូវជាតិលេខ៧នេះ, មានប្រវែងប្រមាណ៤៥,៥គីឡូម៉ែត្រ, ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម និងបានចំណាយថវិកាសរុបប្រមាណជិត១១៨លានដុល្លារ (១១៧,៦៥ លានដុល្លារ), ក្នុងនោះមួយផ្នែកធំបានមកពីឥណទានសម្បទាន របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, និង មួយផ្នែកទៀត បានមកពីថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។
– សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ (ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ ២គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវប្រវែង ១,៥ម៉ែត្រ។
- សម្ដេចធិបតី គូសបញ្ជាក់ថា កំណាត់ផ្លូវជាតិនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះស្ពានថ្មី ១កន្លែង មានប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត មានប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង មានទទឹង ១០,៥ម៉ែត្រ។
- សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗ ចំនួន ១១ កន្លែង នៅទូទាំងប្រទេស រួមមាន៖ (១) មជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ, (២) មជ្ឈមណ្ឌលឡូជីស្ទីកព្រះសីហនុ, (៣) សួនឡូជីស្ទីកបាវិត, (៤) សួនឡូជីស្ទិកប៉ោយ ប៉ែត, (៥) មណ្ឌលឡូជីស្ទិកសៀមរាប, (៦)មណ្ឌលឡូជីស្ទិកកំពត, (៧)មណ្ឌលឡូ ជីស្ទិកកំពង់ចាម, (៨) មណ្ឌលឡូជីស្ទីកបាត់ដំបង, (៩) មណ្ឌលឡូជីស្ទីក ពោធិ៍សាត់, (១០) មណ្ឌលឡូជីស្ទីកបន្ទាយមានជ័យ, និង (១១) មណ្ឌលឡូជីស្ទីក កំពង់ធំ។
- សម្ដេចធិបតី ថ្លែងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦, កម្ពុជា និង ឡាវ បានប្រកាសដាក់ឱ្យដំណើរការជា ផ្លូវការ «ច្រករបៀងដឹកជញ្ជូនឆ្លងកាត់ (Transit Transport Corridor)» សម្រាប់នាំចេញ កសិផល និង ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសឡាវ។
– សម្ដេចធិបតី ថ្លែងថា គម្រោងនេះបានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រួចរាល់មុនផែនការ ១៥ខែ ដោយបានចំណាយថវិកាសរុបប្រមាណជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
– សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា កំណាត់ផ្លូវជាតិលេខ៧នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត រួមមាន នៅចំណុច ចាប់ផ្តើមខ្សែផ្លូវនេះបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៦(ពីរង្វង់មូលទីប្រជុំជនស្គន់) ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅខេត្តកំពង់ធំ ខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែកស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧០ ឆ្ពោះទៅកាន់ ស្រុកកងមាស ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើងទៅកាន់ស្រុកចំការលើ និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ២២២ ក្នុងទិសដៅទៅកាន់ស្រុកស្ទឹងត្រង់ និងផ្លូវខេត្តលេខ២២៣ក្នុងទិសដៅទៅកាន់ស្រុកកងមាស និងឆ្ពោះទៅកាន់តំបន់ខេត្តស្ថិតនៅភូមិភាគឦសាន។
- សម្ដេចធិបតី ថ្លែងថា ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ឡើងវិញ បានប្រែក្លាយខ្សែផ្លូវនេះទៅជាខ្សែផ្លូវមួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាព សេដ្ឋកិច្ច-សង្គមនៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្ដាខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពល ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗ បន្ថែមពីនេះ កំណាត់ផ្លូវជាតិនេះក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។
- សម្ដេចធិបតី ថ្លែងជឿជាក់ថា ក្រោយពេល៥ទៅ១០ឆ្នាំទៅមុខទៀត ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧នេះ នឹងកាន់តែមានការរីកចម្រើន និងអភិវឌ្ឍបន្ថែម ជាពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ និងលើកទឹកចិត្តដល់ពលរដ្ឋអាចមានជម្រើសក្នុងការជ្រើសរើសផ្លូវសម្រាប់ធ្វើដំណើរផងដែរ។
– សម្ដេចធិបតី ថ្លែងថា កំណាត់ផ្លូវជាតិលេខ៧នេះ បានបើកសម្ពោធសាងសង់ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ជាមួយអតីតឯកអង្គរដ្ឋទូតចិន, ហើយថ្ងៃនេះសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នាយករដ្ឋមន្រ្ដីថ្មី និងឯកអគ្គរដ្ឋទូតថ្មី ប៉ុន្ដែសមិទ្ធផលនេះនៅរក្សាដដែល បន្តនៃដំណើរការកសាង ហើយមិនចប់ទៅត្រឹមសម្ពោធផ្លូវជាតិនេះនោះទេ ប៉ុន្ដែគម្រោងក្នុងឆ្នាំ២០២៦-២០២៧ គឺរដ្ឋាភិបាលនៅបន្តធ្វើថែមទៀត មានកំណាត់ផ្លូវច្រើនទៀតត្រូវធ្វើ។
- សម្ដេចធិបតី ថ្លែងថា ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង ខណៈនៅតាមមូលដ្ឋានរាជរដ្ឋាភិបាលក៏បានកសាងផ្លូវបេតុង តាមរយៈមូលនិធិឃុំ-សង្កាត់ ដើម្បីតភ្ជាប់មកផ្លូវជាតិផងដែរ។
- សម្ដេចធិបតី ថ្លែងថា ឥឡូវនេះកម្ពុជាមានផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ដែលភស្តុភារកម្ម គឺជាមជ្ឈមណ្ឌលនៃការចែកចាយ ដែលអាចជួយសម្រួលបង្កើនសេដ្ឋកិច្ច ហើយរដ្ឋាភិបាលមានគម្រោងបង្កើតឡើងនូវមណ្ឌលភស្តុភារកម្មនេះចំនួន ១១កន្លែងនៅទូទាំងប្រទេសកម្ពុជា។
- សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកំពុងតែទាក់ទាញនូវការវិនិយោគរៀបចំប្រព័ន្ធភស្តុភារកម្មកម្ពុជា ឬឡូជីស្ទីកកម្ពុជានេះ ខណៈគម្រោងបង្កើតចំនួន ១១កន្លែងទូទាំងប្រទេស។
- សម្ដេចធិបតី ថ្លែងអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ, សូមចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា, និង ថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈ ការបើកបរក្នុងលឿន កំណត់ ប្រកបដោយការប្រុងប្រយ័ត្ន, និង ចៀសវាងការផ្ទុកលើសទម្ងន់ ដែលបណ្តាលឱ្យខូច ខាតផ្លូវ-ស្ពាន។
- សម្ដេចធិបតី ថ្លែងរំលឹកអំពីការបង្កើតបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលផ្ដើមពីកម្លាំង៤២នាក់ ក្រោយសម្ដេចបញ្ចប់ការសិក្សានៅក្រៅប្រទេស។
- សម្ដេចធិបតី ថ្លែងថា ការដឹកជញ្ជូនត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះការដឹកលើសទម្ងន់នេះធ្វើឱ្យការខូចខាតផ្លូវថ្នល់របស់យើង ដូច្នេះត្រូវចូលរួមថែរក្សាទាំងអស់គ្នា បើមិនដូច្នេះទេ ផ្លូវរបស់យើងនឹងអាចខូចហើយការវិនិយោគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាជាតិ សម្រាប់ប្រជាជនទាំងអស់គ្នាប្រើប្រាស់៕
ដោយ៖តារា










