សម្តេចធិបតី ហ៊ុន ម៉ាណែត៖រយៈពេល៥ទៅ១០ឆ្នាំទៅមុខ ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧ នឹងកាន់តែរីកចម្រើន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្នុងឱកាសអញ្ជើញជាអធិបតី “បើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម. ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម”នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា  កំណាត់ផ្លូវជាតិលេខ៧នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ឡើងវិញ បានប្រែក្លាយខ្សែផ្លូវនេះទៅជាខ្សែផ្លូវមួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាព សេដ្ឋកិច្ច-សង្គមនៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្ដាខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពល ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗ បន្ថែមពីនេះ កំណាត់ផ្លូវជាតិនេះក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា រយៈពេល៥ទៅ១០ឆ្នាំទៅមុខទៀត ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧នេះ នឹងកាន់តែមានការរីកចម្រើន និងអភិវឌ្ឍបន្ថែម ជាពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ និងលើកទឹកចិត្តដល់ពលរដ្ឋអាចមានជម្រើសក្នុងការជ្រើសរើសផ្លូវសម្រាប់ធ្វើដំណើរផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះសមិទ្ធផលនានា ដែលបានកើតមានឡើងនៅលើទឹកដីរបស់កម្ពុជា គឺបានប្រសូត្រឡើងពីជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧ គឺអាចនិយាយបានថាជានិមិត្តរូបនៃទំនាក់ទំនង និងការបន្តនៃចីរភាពទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ។ ពីព្រោះពិធីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ជាមួយលោក វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។ ចំណែកឯពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ថិតនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា ប៉ុន្តែសមិទ្ធផលនៅដដែលដោយបន្តដំណើរកសាងទៅមុខជានិច្ច។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «មិនចប់ត្រឹមតែការសម្ពោធផ្លូវជាតិលេខ៧ទេ មិញដូចឯកឧត្តម ប៉េង ពោធិ៍នា បានលើកគម្រោងឆ្នាំ២០២៦ ឆ្នាំ២០២៧ យើងធ្វើបន្តថែមទៀត។ មានកំណាត់ផ្លូវច្រើនថែម ទៀតត្រូវធ្វើ ហើយមួយផ្នែកធំកឺពីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន»

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print