ខ្សែប្រយុទ្ធ Kylian Mbappé របស់ក្រុមជម្រើសជាតិបារាំង បានថ្កោលទោសសមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយម្នាក់ថា «គួរឱ្យស្អប់ខ្ពើម» និង «មិនសមនឹងតំណែង» បន្ទាប់ពីនាងបានបង្ហោះសារជាច្រើនដែលមានលក្ខណៈរើសអើងពូជសាសន៍ ដោយចំអកអំពីដើមកំណើត និងការអប់រំរបស់គាត់។
Celeste Amarilla សមាជិកព្រឹទ្ធសភាមកពីគណបក្ស Liberal Radical Authentic Party បានបង្ហោះសារទាំងនោះលើបណ្តាញសង្គម X បន្ទាប់ពីប៉ារ៉ាហ្គាយចាញ់បារាំងក្នុងវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោក។
Mbappé បានឆ្លើយតបថា៖
«អ្នកស្រី Celeste Amarilla អ្នកគឺជាមនុស្សគួរឱ្យស្អប់ខ្ពើម និងមិនសមនឹងតំណែងដែលអ្នកកាន់ឡើយ។
អ្នកមិនតំណាងឱ្យប្រទេសប៉ារ៉ាហ្គាយទេ ដែលជាប្រទេសបានប្រឹងប្រែង និងប្រកួតដោយកិត្តិយសពេញមួយការប្រកួត។
ដោយសារតែការប្រព្រឹត្តមិនទទួលខុសត្រូវ និងការរើសអើងពូជសាសន៍យ៉ាងចំហររបស់អ្នក ពិភពលោកបានភ្លេចអំពីការតស៊ូដ៏អស្ចារ្យរបស់ក្រុមប៉ារ៉ាហ្គាយ ហើយផ្ទុយទៅវិញ បែរជាផ្តោតលើស្ត្រីម្នាក់ដែលបង្ហាញរូបភាពអាក្រក់បំផុតដល់ប្រទេសរបស់ខ្លួន។
ខ្ញុំនឹងមិនអនុញ្ញាតឱ្យមនុស្សបែបនេះមានសេរីភាពក្នុងការផ្សព្វផ្សាយការស្អប់ខ្ពើម និងការរើសអើងពូជសាសន៍ទៅកាន់ពិភពលោកឡើយ»។
សហព័ន្ធបាល់ទាត់បារាំង FFF បានប្រកាសថា នឹងដាក់ពាក្យប្តឹងព្រហ្មទណ្ឌ ដោយហៅការលើកឡើងរបស់ Amarilla ថា «គួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបានទាល់តែសោះ»។
ក្នុងសេចក្តីថ្លែងការណ៍ FFF បានបញ្ជាក់ថា៖ «ពាក្យសម្តីទាំងនេះជាបទល្មើស និងគួរត្រូវបានផ្តន្ទាទោស។ វាត្រូវតែប្រឈមមុខនឹងច្បាប់ មិនថានៅទីណាក៏ដោយ។ FFF បានដាក់សំណុំរឿងទៅកាន់អយ្យការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ការលើកឡើងបែបនេះនាំមកនូវភាពអាម៉ាស់ដល់អ្នកដែលនិយាយ និងអ្នកដែលផ្សព្វផ្សាយវា។ កីឡាករក្រុមជម្រើសជាតិបារាំងតំណាងឱ្យប្រទេសបារាំង ហើយការប្រមាថពួកគេ គឺជាការប្រមាថប្រទេសរបស់យើងផងដែរ»។
Mbappé បានស៊ុតបាល់ពិន័យ 11 ម៉ែត្រជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនោះ ហើយបានជួយបារាំងឡើងទៅវគ្គ 8 ក្រុមចុងក្រោយ ដើម្បីជួបម៉ារ៉ុក។
បច្ចុប្បន្ន Mbappé មាន 7 គ្រាប់បាល់ ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ ដោយឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេស្មើនឹង Lionel Messi របស់អាហ្សង់ទីន និង Erling Haaland របស់ន័រវែស។
ការលើកឡើងរបស់ Amarilla កើតឡើងបន្ទាប់ពីអតីតអ្នកចាំទីប៉ារ៉ាហ្គាយ José Luis Chilavert បាននិយាយមុនការប្រកួតថា ក្រុមប៉ារ៉ាហ្គាយកំពុងប្រឈមមុខនឹង «ក្រុមមកពីអាហ្វ្រិក» ជំនួសឱ្យក្រុមបារាំង។
ការលើកឡើងនោះក៏ត្រូវបានប្រធាន FFF លោក Philippe Diallo ថ្កោលទោស ដោយហៅ Chilavert ថា៖«ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះពាក្យសម្តីរើសអើងពូជសាសន៍របស់ José Luis Chilavert ដែលផ្ទុយនឹងតម្លៃនៃការគោរព ភាតរភាព និងភាពចម្រុះក្នុងវិស័យបាល់ទាត់។ បើទោះបីជាគាត់ធ្លាប់ជាអ្នកចាំទីដ៏អស្ចារ្យក៏ដោយ ប៉ុន្តែពេលនេះ គាត់បានបាត់បង់កិត្តិយសរបស់ខ្លួនហើយ»៕










