ភ្នំពេញ៖ ថ្លែងតាមរយៈសារលិខិតក្នុងឱកាស “ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ថា កាលពីសង្គ្រាមឈ្លានពានបរស់ថៃមកលើកម្ពុជាកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទចំនួន ៥៦២កន្លែង ចំពោះមុខការខូចខាតទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនរួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃ រមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ឡើងវិញ។
សម្ដេចធិបតី បានមានប្រសាសន៍ថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់ អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ក៏ការប្រឈមផ្នែកប្រដាប់អាវុធ ពីការឈ្លានពានរបស់ថៃមកលើកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិ បេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។
សម្ដេចធិបតី បានសម្តែងនូវសេចក្តី សោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់យើង កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះរួមមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង និងការបំផ្លាញកិច្ចខិតខំ ប្រឹងប្រែងក្នុងរយៈពេលជិត ២០ឆ្នាំកន្លងទៅ។ សម្ដេចធិបតីបានចាត់ទុកថា៖«នេះជាការបាត់បង់ ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល»។
សម្ដេចធិបតីបានថ្លែងថា ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃ រមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងមានវិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការ អន្តរជាតិ ចុះពិនិត្យវាយតម្លៃការខូចខាត ជាពិសេសបាននិងកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ការប្រមូលនិង អភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។
ក្នុងឱកាសនេះ ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន លះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ ហើយសូមកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពី កត្តាសុវត្ថិភាពយ៉ាងណាក្តី។
សម្ដេចធិបតី បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែន ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងសូមឱ្យស្មារតីនៃប្រាសាទ ព្រះវិហារបន្តនៅឋិតថេរក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជា ការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់។
សូមជម្រាបថា កិច្ចការថែរក្សា និងការពារប្រាសាទព្រះវិហារ ត្រូវបានអនុវត្តដោយបុព្វបុរសខ្មែរគ្រប់រូប និងគ្រប់ជំនាន់ ក្នុងនោះរាប់បញ្ចូលទាំងការតស៊ូដ៏ស្វិតស្វាញ និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់បុព្វបុរស អតីតថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារីខ្មែរ ហើយអ្វីដែលយើងទាំងអស់គ្នាចងចាំមិនភ្លេចគឺព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុងការទាមទារប្រាសាទព្រះវិហារនៅតុលាការ អន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដោយមានសម្តេចវិបុលបញ្ញា សុខ អាន និងក្រុមការងារជាសេនាធិការ បានដឹកនាំការងារបច្ចេកទេស និង ការទូតរហូតសម្រេចបាននូវការចុះប្រាសាទដ៏ពិសិដ្ឋនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទោះបីជាត្រូវឆ្លងកាត់ ឧបសគ្គ និងស្ថានភាពដ៏តានតឹងនាពេលនោះក៏ដោយ៕
ដោយ៖តារា










