ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យទីតាំងសង្ស័យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិនបុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យ ប្រព្រឹត្តបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩៤ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៨៦នាក់(ស្រី៨៤នាក់)គ្មានលិខិតឆ្លងដែន៣នាក់. កាលពីរាត្រីថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២៦ ។
បើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ក្នុងប្រតិបត្តិការ នោះដែរ ក្រុមការងារបានរកឃើញបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា១ករណី នៅបុរីប៊ុនលីចំការដូង ផ្ទះលេខ C១៦ ផ្លូវលេខBL០២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជន សង្ស័យចំនួន៨នាក់(ស្រី១នាក់) មានជនជាតិបង់ក្លាដេស ៧នាក់ (ប្រុស)និងជនជាតិមីយ៉ាន់ម៉ា១នាក់ (ស្រី) ក្នុងនោះគ្មានលិខិតឆ្លងដែន៣នាក់ ព្រមទាំងសម្ភារជាវត្ថុតាង រួមមាន៖ កុំព្យូទ័រយួរដៃ១២គ្រឿង ទូរស័ព្ទ ១៧គ្រឿង ដុំWiFi ១គ្រឿង ដុំModem ១គ្រឿងUSB Flash និងក្រដាសប្រាក់ ដុល្លារក្លែងក្លាយ (Copy)៤៩ សន្លឹក។ តាមការធ្វើកោសល្យវិច័យ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)ក្រោមរូបភាពអូសទាញលួងលោមស្នេហាហើយ បន្តបោកប្រាស់ដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ (Investment Scams) ដែល មានគោលដៅនៅសហរដ្ឋអាមេរិក, ប្រេស៊ីល,ម៉ិចស៊ីកូ និងកូឡុំប៊ី។បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីច្បាប់ ៕










