លោក Liam Rosenior បានវិលត្រឡប់មកកាន់អាជីពជាអ្នកចាត់ការបាល់ទាត់ឡើងវិញជាមួយក្លិប Paris FC បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងដោយក្លិប Chelsea កាលពីខែមេសាកន្លងទៅ។
បុរសវ័យ ៤១ ឆ្នាំរូបនេះ បានកាន់តំណែងនៅកីឡដ្ឋាន Stamford Bridge មិនបាន ៤ ខែស្រួលបួលផង ប៉ុន្តែពេលនេះលោកបានផ្លាស់ទៅកាន់ប្រទេសបារាំងវិញ ជាមួយនឹងកិច្ចសន្យារយៈពេល ២ ឆ្នាំ ដែលត្រូវបានគេយល់ថាមានរួមបញ្ចូលទាំងជម្រើសក្នុងការបន្តកិច្ចសន្យាសម្រាប់មួយរដូវកាលបន្ថែមទៀតផងដែរ។
លោក Rosenior ដែលធ្លាប់ដឹកនាំក្លិប Strasbourg មុនពេលមកទទួលការងារនៅ Chelsea នឹងត្រូវមកជំនួសតំណែងលោក Antoine Kombouare បន្ទាប់ពី Paris FC បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១១ នៅក្នុងលីគកំពូលបារាំង Ligue 1 កាលពីរដូវកាលមុន។
ក្លិបមួយនេះ ដែលស្ថិតក្រោមកម្មសិទ្ធិរបស់គ្រួសារ Arnault ដោយមានក្រុមហ៊ុន Red Bull ជាភាគហ៊ុនិកភាគតិច មានមហិច្ឆតាខ្ពស់ក្នុងការសម្រេចបាននូវសមិទ្ធផលធំធេងជាងនេះ។
ក្លិប Paris FC បានថ្លែងថា លោក Rosenior ត្រូវបានតែងតាំងដោយសារតែលោកមាន «បទពិសោធន៍ដ៏សម្បូរបែបក្នុងកម្រិតកំពូល» សមត្ថភាពក្នុងការបណ្តុះបណ្តាលយុវជនមានសក្តានុពល និងការប្តេជ្ញាចិត្តរបស់លោកចំពោះ «ទម្រង់លេងបាល់ទាត់វាយប្រហារដ៏គួរឱ្យទាក់ទាញ»។
លោក Rosenior បានមកជំនួសតំណែងលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge កាលពីខែមករា បន្ទាប់ពីអ្នកចាត់ការដែលបច្ចុប្បន្នកំពុងដឹកនាំ Manchester City រូបនោះ មានជម្លោះទាស់ទែងជាមួយសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្លិប។
បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យលើកទឹកចិត្ត ទម្រង់លេងរបស់ក្រុមបានធ្លាក់ចុះយ៉ាងគំហុកភ្លាមៗ ហើយលោក Rosenior បានចាញ់ក្នុងការប្រកួតលីគកំពូលអង់គ្លេស Premier League ទាំង ៥ ប្រកួតចុងក្រោយរបស់លោក ដោយក្រុម Chelsea មិនអាចរកគ្រាប់បាល់បានសូម្បីតែមួយគ្រាប់សោះ។
ទោះជាយ៉ាងណាក៏ដោយ លោកនៅតែទទួលបានការវាយតម្លៃខ្ពស់ចំពោះការងាររបស់លោកនៅក្លិប Strasbourg ដែលជាក្លិបបងប្អូនរបស់ Chelsea ដោយបានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុងរដូវកាល ២០២៤-២៥ និងបានកក់កៅអីឡើងទៅលេងពានរង្វាន់អឺរ៉ុប Uefa Conference League ជាមួយនឹងការប្រើប្រាស់ក្រុមកីឡាករវ័យក្មេងជាងគេបំផុតក្នុងចំណោមលីគកំពូលទាំងប្រាំរបស់អឺរ៉ុប។
លោក Rosenior បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងជាមួយក្រុមយុវជនអាយុក្រោម ២៣ ឆ្នាំរបស់ Brighton មុនពេលផ្លាស់ទៅក្លិប Derby County ដោយដំបូងឡើយធ្វើជាជំនួយការរបស់លោក Wayne Rooney ហើយបន្ទាប់មកបានឡើងកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន។
លោកត្រូវបានតែងតាំងជាគ្រូបង្វឹកបង្គោលរបស់ក្លិប Hull City ក្នុងឆ្នាំ ២០២២ ដោយបានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៥ ក្នុងលីគទីពីរ Championship នារដូវកាលដំបូងរបស់លោក និងចំណាត់ថ្នាក់លេខ ៧ ក្នុងរដូវកាលទីពីរ ប៉ុន្តែត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីខកខានឱកាសឡើងទៅលេងវគ្គ Play-offs។
បច្ចុប្បន្ន Chelsea បានជំនួសតំណែងលោក Rosenior ដោយអតីតអ្នកចាត់ការក្លិប Real Madrid និង Bayer Leverkusen គឺលោក Xabi Alonso ដោយអតីតខ្សែបម្រើជម្រើសជាតិអេស្ប៉ាញរូបនេះ គឺជាអ្នកចាត់ការអចិន្ត្រៃយ៍ទីប្រាំមួយហើយនៅកីឡដ្ឋាន Stamford Bridge ក្នុងរយៈពេល ៤ ឆ្នាំ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន BlueCo៕










