ខេត្តបាត់ដំបង ៖ បន្ទប់ដាក់សម្ភារៈដ៏ធំមួយនៅក្នុងសណ្ឋាគារ «ស្អឹងសង្កែ» ត្រូវបានអគ្គិភ័យដែលគេសង្ស័យបណ្ដាលមកពីទុស្សេចរន្តអគ្គិសនីបានឆាបឆេះហុយផ្សែងផ្អើលអ្នកដំណើរនានា និងសមត្ថកិច្ច កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ០៧ កក្កដា ដែលមានទីតាំងនៅខាងលិចស្ទឹងសង្កែ ស្ថិតភូមិមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង តែពុំមានគ្រោះថ្នាក់មនុស្សទេ សូម្បី
សម្ភារៈដែលខូចខាតក៏គេមិនទាន់ដឹងដែរ ។
សមត្ថកិច្ចដែលជួយអន្តរាគមន៍បាននិយាយថា អគ្គិភ័យនោះបានឆេះបន្ទប់ដាក់សម្ភារ នៃសណ្ឋាគារស្ទឹងសង្កែ បង្កឲ្យមានផ្សែងហុយទ្រលោមចេញតាមបង្អួច ។ បុគ្គលិកជាច្រើននាក់បានព្យាយាមប្រើប្រាស់ទឹក និងបំពង់ឧស្ម័នបាញ់ពន្លត់ មុនពេលរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចចុះទៅដល់ ។
អ្នកបំរើការបានប្រាប់សមត្ថកិច្ចថា អគ្គិភ័យនោះទំនងបានកើតឡើងដោយសារទុស្សេខ្សែចរន្តអគ្គិសនីនៅក្នុងបន្ទប់នោះ ទើបធ្វើឲ្យឆេះហុយផ្សែងពេញបន្ទប់តែម្ដង ។ មន្ត្រីពន្លត់អគ្គិភ័យបាននិយាយដែរថា ការិយាល័យជំនាញ បានបញ្ចេញរថយន្តទឹកចំនួន០២គ្រឿង ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែមិនបានប្រើប្រាស់ទេ ព្រោះបុគ្គលិកនិងសមត្ថកិច្ចជួយពន្លត់ទាន់ពេល ។
ប៉ុន្តែយ៉ាងណា ភ្លាមៗនោះ មន្ត្រីជំនាញមិនទាន់ទទួលបានរបាយការណ៍ស្ដីពីការខូចខាតទ្រព្យសម្បត្តិ ឬសម្ភារអ្វីខ្លះ ដែលរក្សាទុកនៅក្នុងបន្ទប់នោះ ។ នេះចាត់ទុកជាការទប់ស្កាត់បានទាន់ពេលវេលា បើមិនដូច្នោះទេ អគ្គិភ័យនេះ អាចបង្កមហន្តរាយដល់សណ្ឋាគារទាំងមូលតែម្ដង ៕
ដោយ៖ សុរិយា










