សមត្ថកិច្ចខណ្ឌដង្កោ ចាប់បញ្ចូនជនសង្ស័យ០៤នាក់ ទៅតុលាការដេីម្បីផ្តន្ទាទោស ករណីលួចម៉ូតូជាច្រេីនគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចាប់បញ្ចូនជនសង្ស័យ០៤នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធនឹង ករណីលួច (ម៉ូតូចំនួន០៦គ្រឿង)កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០២និង២៤នាទី (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចការដ្ឋានសំណង់ខុនដូរអារ៉ាខាវ៉ា ផ្លូវបេតុង ស្ថិតនៅភូមិក្រពើទ្រើម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះចំនួន០៦នាក់ដែលបានបាត់ម៉ូតូរួមមាន ៖ ទី១/ឈ្មោះ ម៉ៅ ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទី២/ឈ្មោះ អឿង ជីងប៉ាវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទី៣/ឈ្មោះ យ៉ុន សាវិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទី៤/ឈ្មោះ ចន ចាន់រ៉េត ភេទប្រុស អាយុ២០ឆ្នំា ជនជាតិខ្មែរ ទី៥/ឈ្មោះ ខួច ប៉ុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទី៦/ឈ្មោះ ម៉ៅ រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ។ ពួកគាត់ទាំង០៦នាក់មានមុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ខុនដូរអារ៉ាខាវ៉ា ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យចំនួន០៤នាក់ដែលឃាត់ខ្លួនរួមមាន ៖ ១/ឈ្មោះ ពូន ពិសិដ្ឋ ហៅ ឡេវ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២/ឈ្មោះ ប៊ុន សុភ័ក្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងរោងលើទីលានចាក់សម្រាម ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។៣/ឈ្មោះ សាន់ ភារៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងរោងលើទីលានចាក់សម្រាម ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៤/ឈ្មោះ ស៊ឹម ធូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងរោងលើទីលានចាក់សម្រាម ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៥និង៥៥នាទី ជនរងគ្រោះចំនួន០៦នាក់ខាងលេីបានក្រោកពីសម្រាកនៅរោងកម្មករ រៀបចំខ្លួន ដើម្បីទៅធ្វើការជាកម្មករសំណង់ នៅការដ្ឋានសំណង់ខុនដូរអារ៉ាខាវ៉ា ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនរងគ្រោះទាំង០៦នាក់ក៏បានដើរទៅយកម៉ូតូ ដែលបានទុកនៅខាងមុខរោងស្នាក់នៅរបស់ខ្លួន ក៏ស្រាប់តែបាត់ម៉ូតូចំនួន០៦គ្រឿង ។ បន្ទាប់មកជនរងគ្រោះទាំង០៦នាក់ បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ ហើយសមត្ថកិច្ចក៏បានចុះទៅស្រាវជ្រាវកំណត់មុខសញ្ញា បានឃើញជនសង្ស័យមួយក្រុមបានជិះរ៉ឺម៉កមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ។ លុះដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២១និង៣០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យចំនួន០១នាក់ឈ្មោះ ពូន ពិសិដ្ឋ ហៅ ឡេវ ភេទប្រុស អាយុ៣៨ឆ្នាំ រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AM-0991ចំនួន០១គ្រឿង ២/ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់តូច ៣/ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIphone ពណ៌ផ្កាឈូកចំនួន០១គ្រឿង, ម៉ាកOppo មិនដំណើរការ០១គ្រឿង, ម៉ាក SAMSUNG ពណ៌ខៀវ០១គ្រឿង) ត្រង់ចំណុចផ្សារត្រាំខ្នា ផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ បន្ទាប់មកនៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ទៀតជាបន្តបន្ទាប់នៅត្រង់ចំណុចរោងស្នាក់នៅលើទីលានចាក់សម្រាម ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសាភាពថា ពួកខ្លួន (ជនសង្ស័យ) និងបក្ខពួកចំនួន០៨នាក់ ពិតជាបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះបានចំនួន០៦គ្រឿងប្រាកដមែន ទេីបសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់តែម្តង៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print