អាមេរិកដាក់ទណ្ឌកម្មឡើងវិញលើការលក់ប្រេងរបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារលើនាវាដឹកប្រេង និងនាវា LNG

ចែករំលែក៖

សហរដ្ឋអាមេរិក បានសម្រេច ដាក់ទណ្ឌកម្មឡើងវិញលើការលក់ប្រេងរបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ខណៈមន្ត្រីអាមេរិកម្នាក់បានព្រមានថា ការវាយប្រហាររបស់អ៊ីរ៉ង់លើនាវានៅ ច្រកសមុទ្រ Hormuz គឺជា «អំពើដែលមិនអាចទទួលយកបានទាំងស្រុង» ហើយនឹងត្រូវប្រឈមនឹងផលវិបាក។

បន្ទាប់ពីការប្រកាសនេះ តម្លៃប្រេងពិភពលោកបានកើនឡើងជាង 5%។

កាលពីខែមុន ក្រសួងរតនាគារអាមេរិកបានអនុញ្ញាតឱ្យអ៊ីរ៉ង់បន្តលក់ប្រេងរហូតដល់ថ្ងៃទី 21 សីហា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន។ ប៉ុន្តែការសម្រេចថ្មីនេះ បានកាត់បន្ថយរយៈពេលនោះ ដោយកំណត់ឱ្យបញ្ចប់នៅថ្ងៃទី 17 កក្កដា។

ការសម្រេចរបស់អាមេរិកកើតឡើង បន្ទាប់ពីមានរបាយការណ៍ពីអង្គភាព UKMTO (United Kingdom Maritime Trade Operations) ថា នាវាដឹកប្រេងចំនួន 3 គ្រឿង ត្រូវបានវាយប្រហារដោយវត្ថុមិនស្គាល់ប្រភេទ នៅក្នុង និងក្បែរច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។

រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីអ៊ីរ៉ង់ ឬការអះអាងទទួលខុសត្រូវពីភាគីណាមួយនៅឡើយទេ។

មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ថា ទោះបីមានការកើនឡើងនៃភាពតានតឹងក៏ដោយ អ្នកចរចារបស់អាមេរិកនៅតែបន្តធ្វើការដោយសុចរិត ដើម្បីសម្រេចកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់។

ទោះជាយ៉ាងណា ការវាយប្រហារ និងការឆ្លើយតបរបស់អាមេរិក អាចធ្វើឱ្យកិច្ចព្រមព្រៀងការទូតរវាងប្រទេសទាំងពីររងការប៉ះពាល់ និងបង្កើនហានិភ័យនៃការសងសឹកបន្ថែម ដែលអាចបំផ្លាញការចរចាទាំងមូល។

មន្ត្រីអាមេរិកម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ភស្តុតាងដំបូងបង្ហាញថា អ៊ីរ៉ង់ជាអ្នកបាញ់ប្រហារលើនាវាពាណិជ្ជកម្មទាំង 3 គ្រឿង។

ច្រកសមុទ្រ Hormuz មានសារៈសំខាន់យ៉ាងណា?

ច្រកសមុទ្រ Hormuz ដែលស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងអូម៉ង់ គឺជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

មុនសង្គ្រាម ប្រហែល 20% នៃការដឹកជញ្ជូនប្រេង និងឧស្ម័ន LNG របស់ពិភពលោក បានឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ។

ប្រសិនបើមានការរំខានយូរអង្វែង នោះអាចធ្វើឱ្យតម្លៃថាមពលកើនឡើង និងបង្កើនសម្ពាធលើអ្នកប្រើប្រាស់ និងរដ្ឋាភិបាលជាច្រើនដែលកំពុងប្រឈមនឹងថ្លៃប្រេងឥន្ធនៈខ្ពស់រួចហើយ។

ប្រេងគឺជាប្រភពចំណូលសំខាន់របស់អ៊ីរ៉ង់

ការនាំចេញប្រេងនៅតែជាប្រភពចំណូលដ៏សំខាន់របស់អ៊ីរ៉ង់ ដោយនាំមកនូវប្រាក់បរទេសរាប់ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់ថវិការដ្ឋ និងសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីទណ្ឌកម្មរបស់អាមេរិកអស់រយៈពេលជាច្រើនឆ្នាំ។

ទោះបីស្ថិតក្រោមទណ្ឌកម្មក៏ដោយ អ៊ីរ៉ង់នៅតែអាចបង្កើនការនាំចេញប្រេងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសទៅកាន់ប្រទេស ចិន ដែលធ្វើឱ្យការលក់ប្រេងក្លាយជាខ្សែជីវិតដ៏សំខាន់របស់សេដ្ឋកិច្ចប្រទេស។

លោក Bob McNally ប្រធានក្រុមហ៊ុនវិភាគថាមពល Rapidan Energy Group បាននិយាយថា៖ «ការវិវត្តន៍នេះបង្ហាញថា បទឈប់បាញ់មិនមានភាពរឹងមាំ និងយូរអង្វែងដូចដែលទីផ្សារប្រេងធ្លាប់រំពឹងទុកនោះទេ»។

...

លោកក៏បានបន្ថែមថា ទីផ្សារប្រេងត្រូវតែចាប់ផ្តើមគិតគូរអំពីហានិភ័យថ្មីៗទាំងនេះផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print