ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាជនបរទេសប្រុសស្រីចំនួន៤នាក់។
សមត្ថកិច្ចឱ្យដឹងថា អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោកកេីត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនៅវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យជំនាញចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាជនបរទេសប្រុសស្រីចំនួន៤នាក់នៅចំនុចផ្លូវលំស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ១. Hendry Wijaya Asen ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងដកហូតវត្ថុតាង៖ ថ្នាំញៀនម៉ាទឹកកកចំនួន០២កូនថង់ , ក្បាលPod K ចំនួន៣០កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង។
២.ឈ្មោះ Han DongSheng ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន និងដកហូតវត្ថុតាង៖ ក្បាលPod K ចំនួន២៣កញ្ចប់, ទូរស័ព្ទដៃចំនួន០១គ្រឿង និងរថយន្តចំនួន១គ្រឿង។
៣.ឈ្មោះ Man Yigui ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន,
៤.ឈ្មោះ Apinya Potiba ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ(ជាអ្នកស្នាក់នៅក្នុងផ្ទះជាមួយ) និងបានត្រួតពិនិត្យក្នុងបន្ទប់ទី២ ឃើញមាន៖ ជញ្ជីងចំនួន១ ម៉ាស៊ីនបារីអេឡិចត្រូនិកចំនួន០៧ និងសម្បកថង់មួយចំនួន។ បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យនិងវត្ថុតាងខាងលើមកការិយាល័យប្រឆាំងគ្រឿងញៀនធ្វើនីតិវិធីបន្ត និងបានធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ចំនួន៣នាក់ ភេទប្រុស ចំណែក ឈ្មោះ Apinya Potiba ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ លទ្ធផល អវិជ្ជមាន (–)។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ វណ្ណា










