ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រុងស្វាយរៀង តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅសាលប្រជុំសាលាក្រុងស្វាយរៀង។
ក្នុងឱកាសនោះ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើរដ្ឋបាលចំហរតាមទីតាំងផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល រោងចក្រ សហគ្រាស និងទីតាំងពាក់ព័ន្ធនានា សរុបចំនួន ១០៥លើក គ្របដណ្តប់ ១៣៣ទីតាំង។ ជាលទ្ធផល ក្រុមការងារបានពិនិត្យរកឃើញជនបរទេសស្នាក់នៅចំនួន ៥២៧នាក់ ក្នុងនោះស្រី ៨៣នាក់ និងបានបញ្ជូនទៅសមត្ថកិច្ចជំនាញ ដើម្បីអនុវត្តតាមនីតិវិធីជាធរមាន។
លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា ទោះបីសកម្មភាពឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)មានការថមថយក៏ដោយប៉ុន្តែ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានបន្តដាក់បទបញ្ជាម៉ឺងម៉ាត់មុតស្រួចបំផុតដល់តួអង្គពាក់ពន្ធ័ទាំងអស់ត្រូវបន្តចុះអនុវត្តវិធានការរដ្ឋបាលចំហរជាប្រចាំក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយភាពទទួលខុសត្រូវខ្ពស់បំផុត ទន់ភ្លន់បត់បែន និងម៉ឺងម៉ាត់ ដើម្បីធានាអោយបានការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាពខ្ពស់បំផុត ជាពិសេសធានាអោយបាន ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង យើងមានសុវត្ថិភាព ហើយគ្មានសកម្មភាពឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)ទៀតឡើយ ។
ការចុះអនុវត្តរដ្ឋបាលចំហរត្រូវធ្វើឡើងដោយតម្លាភាព សហការល្អ ហើយធានបានថាមិនធ្វើអោយមានការថ្នាំងថ្នាក់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពីសំណាក់អ្នកវិនិយោគសុច្ចរិត អ្នកប្រកបមុខរបរត្រឹមត្រូវ ។
បច្ចប្បន្ននេះ ឯកឧត្តមអភិបាលខេត្ត លោកបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដៃម្ខាងខិតខំទាក់ទាញអ្នកវិនិយោគដែល ជាក្រុមសេដ្ឋកិច្ចពណ៌ស ដៃម្ខាងដឹកនាំអនុវត្តបទបញ្ជាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)ដើម្បីធានាមិនអោយសកម្មភាពពណ៌ខ្មៅមកបំផ្លាញសេដ្ឋកិច្ចពណ៌សក្នុងខេត្តស្វាយរៀងបានឡើយ ជាពិសេសត្រូវធានាអោយបាននូវសន្តិភាពផ្លូវចិត្តពេញលេញជូនបងប្អូនប្រជាពលរដ្ឋ ជូនអ្នកប្រកបមុខរបរត្រឹមត្រូវ ជូនអ្នកវិនិយោគសុច្ចរិត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងទាំងមូលជាដាច់ខាត ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)ក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយរៀង៕
ដោយ៖ សុរិយា










