នគរបាលខេត្តតាកែវកោះហៅអ្នកបើកបររថយន្តធំដែលមិនគោរពច្បាប់ចរាចរណ៍មកអនុវត្តច្បាប់ដោយដកហូតបានបើកបរ

ចែករំលែក៖

ខេត្តតាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ កោះហៅអ្នកបើកបររថយន្តធំ ដែលមិនគោរពច្បាប់ចរាចរណ៍ យកមកអនុវត្តច្បាប់ ដោយដកហូតបណ្ណបើកបរយកមករក្សាទុក ដើម្បីជាការព្រមានដល់អ្នកដែលហ៊ានប្រមាថដល់អាយុជីវិតរបស់អ្នកដទៃនៅលើដងផ្លូវ។

នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យការិយាល័យជំនាញចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោក មឿន សារុន នាយការិយាល័យ ចុះស្រាវជ្រាវរកតៃកុងរថយន្តធំ ដែលបើកបរមិនគោរព ច្បាប់ វ៉ាជែងដោយគ្មានការប្រុងប្រយ័ត្ន ល្មើសល្បឿនកំណត់ត្រង់ចំណុចទីប្រជុំជន បង្កការភ័យខ្លាចដល់អ្នកប្រើប្រាស់ផ្លូវជាមួយ ត្រូវបានសមត្ថកិច្ចកោះហៅឲ្យចូលខ្លួន មកស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការអប់រំណែនាំ និងដកហូតបណ្ណបើកបរយកមករក្សាទុកសិន ដើម្បីជាការព្រមាន និងពិចារណាកំហុសឡើងវិញ។

លោកវរសេនីយ៍ឯក មឿន សារុន នាយការិយាល័យចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា អ្នកបើកបររថយន្តធំខាងលើមានឈ្មោះ នី សុខណា ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបើកបររថយន្តដោយល្មើសច្បាប់ចរាចរណ៍ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវជាមួយគ្នា ថតបានយកមកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នោះ ពេលនេះត្រូវបានសមត្ថកិច្ចជំនាញយកមកអប់រំ និងពិន័យ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ និងមិនត្រូវវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនត្រូវពិសាគ្រឿងស្រវឹង និងប្រើប្រាស់នូវសារធាតុញៀន មិនត្រូវបើកបរលើសល្បឿនកំណត់នៅក្នុងទីប្រជុំជន ផ្សារ សាលារៀន ជាដើម។

ផ្អែកលើការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ សមត្ថកិច្ចជំនាញបានសម្រេចធ្វើការដកហូតបណ្ណបើកបរយកមករក្សាទុក រួចអប់រំណែនាំដល់អ្នកបើកបររថយន្តនេះតែប៉ុណ្ណោះ និងព្រមានថា ក្នុងករណីដែលមិនរាងចាល បើកបរប្រហើនល្មើសច្បាប់ទៀត សមត្ថកិច្ចឃាត់ខ្លួនបានម្ដងទៀត នោះនឹងត្រូវអនុវត្តតាមនីតិវិធីយ៉ាងម៉ឺងម៉ាត់ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយមិនមានការលើកលែង ឬអប់រំណែនាំជាលើកទី២ នោះឡើយ” ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print