ការចេញមកបកស្រាយរបស់លោក អ៉ិត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងទីតាំងប្រាសាទតាមាន់ធំ និងប្រាសាទខ្នា ដែលបានអះអាងថាស្ថិតនៅក្នុងទឹកដីកម្ពុជា ដោយផ្អែកលើផែនទីខ្នាត ១/២០០ ០០០ និងឯកសារកំណត់ព្រំដែនផ្លូវការរវាងឥណ្ឌូចិន-សៀម បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន។ ទោះជាយ៉ាងណា ការបកស្រាយនេះគួរត្រូវបានយល់ថា ជាការបង្ហាញនូវការពិតផ្អែកលើឯកសារផ្លូវការ ភស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់ដែលមានស្រាប់ មិនមែនជាការបង្កើនភាពតានតឹង ឬបង្កើតជម្លោះថ្មីរវាងប្រទេសទាំងពីរនោះឡើយ។
មូលដ្ឋានសំខាន់ដែលកម្ពុជាលើកឡើង គឺផ្អែកលើផែនទីខ្នាត ១/២០០ ០០០ និងឯកសារកំណត់ព្រំដែនផ្លូវការរវាងឥណ្ឌូចិន-សៀម ព្រមទាំងកំណត់ហេតុវាស់វែងឆ្នាំ១៩០៨ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម។ ឯកសារទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រាសាទតាមាន់ធំ និងប្រាសាទខ្នា ស្ថិតនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងពិតប្រាកដ។
អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ គឺសូម្បីតែផែនទី L7017 ខ្នាត ១/៥០ ០០០ ដែលបានគូសដោយភាគីថៃជាឯកតោភាគី ក៏នៅតែបង្ហាញថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជាដែរ។ តាមការផ្ទៀងផ្ទាត់លើផែនទី ទីតាំងប្រាសាទតាមាន់ធំពិតជាស្ថិតនៅជ្រៅចូលក្នុងទឹកដីកម្ពុជា ប្រមាណ ១៧០ ម៉ែត្រ គិតចាប់ពីខ្សែព្រំដែនដែលបានកំណត់តាមផែនទីខ្នាត ១/២០០ ០០០ ដែលជាផែនទីប្រវត្តិសាស្ត្រដែលបានទទួលស្គាល់ជាអន្តរជាតិ។
ការណ៍នេះបង្ហាញថា ភស្តុតាងមិនមែនមានតែនៅក្នុងឯកសារ និងផែនទីដែលកម្ពុជាយោងប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែផែនទីដែលភាគីថៃប្រើប្រាស់ខ្លួនឯង ក៏ពិបាកនឹងបដិសេធអំពីទីតាំងភូមិសាស្ត្រពិតប្រាកដនៃប្រាសាទនេះដែរ។ លើសពីនេះ ការផ្ទៀងផ្ទាត់ជាមួយរូបភាពផ្កាយរណប និងបច្ចេកវិទ្យាភូមិសាស្ត្រទំនើប ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រាសាទតាមាន់ធំស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង។
ដូច្នេះ ការអះអាងរបស់កម្ពុជាមិនមែនផ្អែកលើអារម្មណ៍នយោបាយ ឬបែបជាតិនិយមនោះទេ ប៉ុន្តែគឺផ្អែកលើភស្តុតាងបច្ចេកទេស ឯកសារប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់ដែលអាចផ្ទៀងផ្ទាត់បាន។
បញ្ហាសំខាន់មួយទៀត គឺការគូសខ្សែព្រំដែនដោយឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទតាមាន់ធំ។ តាមទស្សនៈនៃច្បាប់អន្តរជាតិ ការគូសខ្សែព្រំដែនដោយភាគីម្ខាងតែម្នាក់ឯង ដោយគ្មានការឯកភាពពីភាគីម្ខាងទៀត នោះមិនអាចបង្កើតសិទ្ធិអធិបតេយ្យថ្មី ឬផ្លាស់ប្តូរស្ថានភាពផ្លូវច្បាប់ដែលមានស្រាប់បានឡើយ។ អ្វីដែលភាគីថៃធ្វើដោយឯកតោភាគី មិនអាចក្លាយជាភស្តុតាងផ្លូវច្បាប់ដើម្បីបញ្ជាក់កម្មសិទ្ធិលើទឹកដីបានទេ។
នៅក្នុងបរិបទនេះ ការព្រួយបារម្ភរបស់កម្ពុជា គឺការប៉ុនប៉ងរបស់ភាគីថៃបង្កើត «អង្គហេតុថ្មីនៅលើដីជាក់ស្តែង» ឬ Fait Accompli។ នៅក្នុងទំនាក់ទំនងអន្តរជាតិ ពាក្យនេះសំដៅទៅលើសកម្មភាពដែលភាគីមួយព្យាយាមបង្កើតស្ថានភាពថ្មីនៅលើដី ដើម្បីឱ្យស្ថានភាពនោះក្លាយជាការពិតដែលពិបាកត្រឡប់ក្រោយ ហើយបង្ខំឲ្យកម្ពុជាទទួលយកនៅពេលក្រោយ។
ជាក់ស្តែង កម្ពុជាមើលឃើញថា ការបន្តកាន់កាប់តំបន់ដែលមិនទាន់មានការព្រមព្រៀងច្បាស់លាស់ និងការប៉ុនប៉ងគូសខ្សែព្រំដែនថ្មី អាចនាំឱ្យសាធារណៈជនយល់ច្រឡំថា តំបន់ទាំងនោះជាកម្មសិទ្ធិរបស់ថៃ។ ដូច្នេះ ការចេញមកបកស្រាយរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺជាការអនុវត្តសិទ្ធិស្របច្បាប់របស់កម្ពុជា ក្នុងការបង្ហាញភស្តុតាង និងការពារជំហររបស់ខ្លួន មុនពេលការយល់ច្រឡំទាំងនោះក្លាយជាការទទួលស្គាល់ដោយប្រយោលនៅលើឆាកអន្តរជាតិ។
បន្ថែមពីនេះ សេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ បានចែងយ៉ាងច្បាស់ថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរក៏បានឯកភាពប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន JBC បន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ប៉ុន្តែរហូតមកដល់ពេលនេះ ដំណើរការនៃការវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតែជួបឧបសគ្គ ដោយសារការអូសបន្លាយពេលវេលាម្តងហើយម្តងទៀតពីភាគីថៃ ខណៈកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តការងារនេះស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងន័យនេះ ការបកស្រាយរបស់កម្ពុជាមិនមែនជាការផ្លាស់ប្តូរស្ថានភាពនៅលើដីជាក់ស្តែងនោះទេ ប៉ុន្តែជាការរំលឹកអំពីកាតព្វកិច្ចដែលភាគីទាំងពីរបានព្រមព្រៀងគ្នារួចមកហើយ។
ជាពិសេស ការលើកឡើងរបស់ភាគីថៃថា គួរដោះស្រាយបញ្ហាព្រំដែនទឹកជាមុន ហើយទុកបញ្ហាព្រំដែនគោកមួយឡែកសិន គឺមិនស្របទៅនឹងយន្តការច្បាប់ដែលមានស្រាប់នោះឡើយ។ ព្រំដែនគោក និងព្រំដែនទឹក គឺជាបញ្ហាពីរដែលមានយន្តការដោះស្រាយខុសពីគ្នា។ បញ្ហាព្រំដែនគោកត្រូវដោះស្រាយតាមយន្តការ JBC និងយន្តការទ្វេភាគីដែលមានស្រាប់ ខណៈបញ្ហាព្រំដែនទឹកត្រូវអនុវត្តតាមយន្តការដែលបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS។
ដូច្នេះ ការបកស្រាយរបស់កម្ពុជាពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ និងប្រាសាទខ្នា មិនមែនជាការបង្កើតជម្លោះថ្មីនោះទេ ប៉ុន្តែជាការបញ្ជាក់ជំហរផ្លូវច្បាប់របស់ខ្លួន ដោយផ្អែកលើឯកសារ ផែនទី និងកំណត់ហេតុប្រវត្តិសាស្ត្រដែលមានស្រាប់។ ក្នុងបរិបទដែលការវាស់វែងព្រំដែនមិនទាន់ត្រូវបានពន្លឿន និងមានការប៉ុនប៉ងបង្កើតអង្គហេតុថ្មីនៅលើដីជាក់ស្តែង ការចេញមកបង្ហាញភស្តុតាង និងពន្យល់ជូនសាធារណៈជន គឺជាកាតព្វកិច្ចរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ ការពារសច្ចភាពប្រវត្តិសាស្ត្រ និងទប់ស្កាត់ការបកស្រាយដែលអាចនាំឱ្យមានការយល់ច្រឡំអំពីព្រំដែនអន្តរជាតិដែលមានស្រាប់រវាងកម្ពុជា-ថៃ៕
ដោយ៖ ពិន វិជ័យ
អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ










