ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយសមាជិក សមាជិកា រដ្ឋសភា អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចូលរួមកាន់បិណ្ឌ រាប់បាត្រ វេនទី០៨ ជាមួយលោកយាយ លោកតា បងប្អូន ពុទ្ធបរិស័ទ្ធចំណុះជើងវត្តជម្ពូសុវណ្ណរាម ( ហៅវត្តត្រពាំងព្រីង )ជាទីអារាមដែលធ្លាប់ប្រតិបត្តិ ព្រះធម៌ ព្រះវិន័យ កាលពេលបួសរៀនជាព្រះសង្ឃ ជាមួយព្រះគ្រូ គង់ សូ ជាព្រះគ្រូសូត្រស្តាំ នាអតីតកាលតំបន់តស៊ូរំដោះ ជាមួយអ្នកភូមិ នៅទឹកដីក្នុងភូមិត្រពាំងព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សូមឧទ្ទិសកុសលផលបុណ្យនេះដែរ ជូនចំពោះវិញ្ញាណខ័ន្ធ លោកឪពុក សំ ហែន និងអ្នកម្តាយ ហេង ស៊ឹម ជាមួយ លោកឪពុកក្មេក សៅ យូ និងអ្នកម្តាយក្មេក ពេជ្រ ទូច ព្រះគ្រូ គង់ សូ ព្រមទាំង ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ពិសេសជូនមហាកុសល ផលបុណ្យកាន់បិណ្ឌ វេនទី០៨ ថ្ងៃនេះ ដល់លោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបាននូវវិបុលសុខ សេរីសួស្តី សុខភាពល្អ កម្លាំងពលខ្លាំងក្លា បញ្ញាញាណឈ្លាសវៃ រកស៊ីទទួលទានមានបាននិងសុភមង្គលគ្រប់ក្រុមគ្រួសារ៕