អតីតតារារបស់ក្លិប Arsenal និង Manchester Cityម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន សាកសួរពាក់ព័ន្ធសំណុំរឿងលាងលុយដែលជាប់ទាក់ទងមេខ្លោងគ្រឿងញៀន

ចែករំលែក៖

អតីតកីឡាករ Arsenal និង Manchester City លោក Samir Nasri ត្រូវបានគេរាយការណ៍ថា ត្រូវប៉ូលិសឃាត់ខ្លួនសាកសួរ ជាផ្នែកមួយនៃការស៊ើបអង្កេតករណី លាងលុយ ដែលពាក់ព័ន្ធនឹងមេខ្លោងជួញដូរគ្រឿងញៀនរហស្សនាម “Wild Boar”។

អតីតតារា Premier League រូបនេះ ត្រូវបានទាញចូលក្នុងការស៊ើបអង្កេតដ៏ធំមួយ ដែលពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មរបស់ Hakim Berrebouh មេខ្លោងជួញដូរគ្រឿងញៀននៅទីក្រុង Marseille ដែលកំពុងជាប់ពន្ធនាគារតាំងពីឆ្នាំ 2021។

បច្ចុប្បន្ន Nasri អាយុ 39 ឆ្នាំ ធ្វើការជាអ្នកវិភាគបាល់ទាត់ឱ្យទូរទស្សន៍បារាំង Canal Plus។ សារព័ត៌មាន Le Parisien រាយការណ៍ថា គាត់ត្រូវបានប៉ូលិសសាកសួរអស់រយៈពេលប្រហែល 10 ម៉ោង កាលពីថ្ងៃព្រហស្បតិ៍។

ការសាកសួរនេះជាផ្នែកនៃការស៊ើបអង្កេតករណី៖
-ការនាំចូលគ្រឿងញៀន
-ការរួមគំនិតប្រព្រឹត្តបទឧក្រិដ្ឋ
-ការលាងលុយដែលបានមកពីការជួញដូរគ្រឿងញៀន

ក្រោយការសាកសួរ Nasri ត្រូវបានដោះលែងនៅល្ងាចថ្ងៃដដែល ដោយមិនមានការចោទប្រកាន់ ហើយមិនទាន់មាននីតិវិធីផ្លូវច្បាប់ណាមួយប្រឆាំងនឹងគាត់ឡើយ។

ក្លឹបរាត្រីជាចំណុចសំខាន់នៃការស៊ើបអង្កេត

ប៉ូលិសកំពុងស៊ើបអង្កេតថា Nasri អាចមានការពាក់ព័ន្ធនឹងការលាងលុយតាមរយៈ ក្លឹបរាត្រី XS នៅទីក្រុង Ivry-sur-Seine។

Nasri បានក្លាយជាម្ចាស់ភាគហ៊ុនក្នុងក្លឹបនេះប្រហែលឆ្នាំ 2016 ដោយវិនិយោគប្រាក់រាប់សែនអឺរ៉ូ ខណៈដែលគាត់កំពុងរកចំណូលរាប់លានអឺរ៉ូនៅ Manchester City។

ក្រោយមក គាត់បានក្លាយជាសហម្ចាស់ក្លឹបជាមួយ Bilele Z. ដែលក៏ត្រូវបានប៉ូលិសឃាត់ខ្លួនសាកសួរផងដែរ។

ការស៊ើបអង្កេតផ្តោតលើអំឡុងឆ្នាំ 2021 ដល់ 2023 ដោយសង្ស័យថា មានការដកសាច់ប្រាក់ជាច្រើនចេញពីក្លឹបនេះ។

ភស្តុតាងដំបូងបង្ហាញថា ភរិយារបស់ Hakim Berrebouh បានទៅក្លឹបនេះជាច្រើនដង ដើម្បីដកប្រាក់យ៉ាងច្រើន ខណៈប្តីរបស់នាងកំពុងជាប់ពន្ធនាគារ។

Nasri បដិសេធការពាក់ព័ន្ធ

តាមការស៊ើបអង្កេត Nasri មានទំនាក់ទំនងជាមួយគ្រួសារ Berrebouh តាំងពីកុមារភាពនៅទីក្រុង Marseille ហើយបានជួប Hakim Berrebouh ម្តងទៀតនៅទីក្រុង Dubai អំឡុងពេលបិទប្រទេសដោយសារជំងឺកូវីដ-19 ក្នុងឆ្នាំ 2020។

ប៉ូលិសអះអាងថា Berrebouh បានណែនាំឱ្យ Nasri ចូលវិនិយោគក្នុងក្លឹប XS ប៉ុន្តែកិច្ចព្រមព្រៀងនេះគ្រាន់តែជាការព្រមព្រៀងដោយពាក្យសម្តី មិនមានឯកសារផ្លូវការឡើយ។

ក្នុងពេលសាកសួរ Nasri បានអះអាងថា គាត់ ជឿថាបានលក់ភាគហ៊ុនទាំងអស់របស់ខ្លួនទៅឱ្យ Berrebouh រួចហើយ។

មុននេះ Nasri ក៏ធ្លាប់ត្រូវបានប៉ូលិសសាកសួរនៅទីក្រុង Marseille កាលពីចុងខែមិថុនា ពាក់ព័ន្ធនឹងសំណុំរឿងដដែល។

...

ទោះបីជាបច្ចុប្បន្ន មិនទាន់មានការចោទប្រកាន់ជាផ្លូវការ ក៏ដោយ ប៉ុន្តែអាជ្ញាធរបារាំងអាចកោះហៅ Nasri មកសាកសួរបន្ថែមទៀត ប្រសិនបើមានភស្តុតាងថ្មី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print