កូរ៉េខាងជើង បើចង់រំសាយអាវុធនុយក្លេអ៊ែរគួរតែចាប់ផ្ដើមមុនគេពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្រាប់អ្វីដែលខ្លួនហៅថាជាការពង្រឹងប្លុកយោធា និងពន្លឿនការបង្កើនការផលិតអាវុធ បន្ទាប់ពីកិច្ចប្រជុំកំពូល NATO ក្នុងសប្ដាហ៍នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកូរ៉េខាងជើង ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់បណ្ដាមេដឹកនាំ NATO បានលាបពណ៌ការអនុវត្តសិទ្ធិអធិបតេយ្យស្របច្បាប់របស់កូរ៉េខាងជើងថាជាការគំរាមកំហែង។ ក្រសួងបន្ថែមថាបក្សសម្ព័ន្ធយោធា NATO បានបង្ហាញការប្ដេជ្ញាយ៉ាងរឹងមាំចំពោះការបង្កើតឱ្យការប្រឈមមុខដាក់គ្នារវាងប្លុក និងប្លុក តាមរយៈការបង្កើនការចំណាយលើការផលិតអាវុធ និងកិច្ចសហប្រតិបត្តិការយោធាជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅឯកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមមន្ត្រីអឺរ៉ុបបានប្រកាសពីការបញ្ចេញកញ្ចប់ថវិកា ៥០ពាន់លានដុល្លារសម្រាប់ការទិញអាវុធ និងកិច្ចព្រមព្រៀងលើឧស្សាហកម្មអាវុធ ខណៈសម្ព័ន្ធមិត្តអឺរ៉ុបនៅតែបន្តរងសម្ពាធពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលតែងតែទទូចជារឿយៗឱ្យបណ្ដាប្រទេសជាសមាជិក NATO បង្កើនកញ្ចប់ថវិកាយោធា។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនាឱកាសត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ NATO ថារូបលោកសង្ឃឹមថាទីក្រុងសេអ៊ូលនឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត NATO នៅក្នុងកិច្ចការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងនោះរួមមានទាំងបច្ចេកវិទ្យាទំនើបៗ និងការផលិតអាវុធ។
កូរ៉េខាងជើងបានចាត់ទុកកិច្ចប្រជុំកំពូលនេះជាការបង្ហាញថា NATO គឺជាអង្គការមួយដែលល្មោភសង្រ្គាម និងការប្រឈមមុខដាក់គ្នា ហើយគិតតែពីផលប្រយោជន៍ផ្ដាច់មុខរបស់ខ្លួនឯងដោយមិនខ្វល់ពីសន្តិភាព និងសន្តិសុខនៃតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកនោះឡើយ។ តាមក្រសួងការបរទេសកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងគ្មានផ្លូវបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយថាកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរគួរតែផ្តោតមុនគេទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជាជប៉ុន និងកូរ៉េខាងត្បូងដែលព្យុងយ៉ាងចោទថាចិញ្ចឹមចិត្តចង់ផលិតអាវុធនុយក្លេអ៊ែរ៕

រូប​ថត​:KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print