លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ «យុវជនថ្ងៃនេះ គឺជាមេដឹកនាំនៅថ្ងៃស្អែក» 

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតី ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តពោធិ៍សាត់» ដោយមានការចូលរួមពី ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំ និងសមាជិក នៃយ.គ.ក. និងគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិកយុវជនគណបក្សសរុបប្រមាណ ១,១៩០ រូប ក្នុងខេត្តគោលដៅទី២២។

 

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត រួចមក លោកបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យ ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជម្រាបជូនដល់អង្គពិធីទាំងមូល។

 

បន្ថែមពីនេះ លោកបណ្ឌិតប្រធាន បានគូសបញ្ជាក់ជូនអង្គពីធីគោលបំណងនៃការរៀបចំវេទិកាពិភាក្សានេះគឺដើម្បីផ្តល់ឱកាសដល់យុវជនគណបក្សលើកនូវអារម្មណ៍ពិត និងជាមតិយោបល់ ក្តីកង្វល់និងចម្ងល់ ព្រមទាំងសំណូមពរនានា និងជាការចែករំលែកនូវចំណេះដឹងដល់យុវជនគណបក្ស ដើម្បីមានសមត្ថភាពកាន់តែប្រសើរធ្វើការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រធាន និងសម្តេចធិបតីជាអនុប្រធាន និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ សំដៅបន្តដណ្តើមនូវជំនឿទុកចិត្ត និងជ័យជំនះជូនគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ។

 

អង្គវេទិកាបានពិភាក្សាយ៉ាងផុសផុល ដោយផ្តោតសំខាន់ពាក់ព័ន្ធទៅនឹងយន្តការនៃការដោះស្រាយជម្លោះព្រំដែន និងការតវ៉ាការសងនូវការខូចខាតពីការបំផ្លាញរបស់ថៃមកលើបេតិកភណ្ឌជាតិនិងផ្ទះសម្បែងប្រជាជន, យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់, ការជួយលើកតម្លៃកសិផល, បញ្ហាជម្លោះដីធ្លី, អត្រានុកូលដ្ឋាន, តួនាទីនិងភារកិច្ចរបស់យុវជនគណបក្ស, យន្តការនៃការអូសទាញយុវជនទូទៅចូលរួមគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្ស, និងគោលនយោបាយរាជរដ្ឋាភិបាលសម្រាប់យុវជន។

 

មុននឹងបញ្ចប់ លោកបណ្ឌិតប្រធានបានផ្តល់នូវអនុសាសន៍មួយ ចំនួនក្នុងទិសដៅនៃការត្រៀមលក្ខណៈ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២៧ខាងមុខនេះ។

 

ជាពិសេសលោកបណ្ឌិត បានផ្តាំផ្ញើក្រើនរំលឹកដល់យុវជនគណបក្សខេត្តពោធិ៍សាត់ថា សភាពការណ៍ឆ្នាំ២០២៥ និងឆ្នាំ២០២៦នេះ បានបង្រៀនយើងថា «មានតែការរួបរួមសាមគ្គីគ្នាទេ ដែលធ្វើឱ្យកម្ពុជាខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច យោធា និងនយោបាយ ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន»។ គ្មានអ្នកណាផ្តល់សន្តិភាពមកឱ្យយើងទេ សន្តិភាពកើតឡើងពីការប្រឹងប្រែងរបស់យើង និងត្រូវការពារឱ្យបានជាដាច់ខាតដោយកម្លាំងរបស់យើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print