ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូវ៉ែវ អាលហ្វា បុកម៉ូតូC១២៥ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិយាយទៀងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូវ៉ែវ អាលហ្វា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AX-2904 បើកបរដោយឈ្មោះ សុខ លីហេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ (ស្លាប់) បានបើកទៅបុកម៉ូតូម៉ាកសង់ C១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប៉ូបូរ៉ា អាយុ១៩ឆ្នាំ ភេទប្រុស រស់នៅភូមិ ពងទឹក ឃុំចើងដើង ស្រុកបារាយណ៍ (របួសធ្ងន់) បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបញ្ជូនសាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយទៅតាមច្បាប់៕
ដោយ៖ ប៊ុន រិទ្ធី