ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ រួមមាន ។
ករណីដែលបានបង្ក្រាបរួមមាន អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចកាត់ខ្សែភ្លើង និងដែកញ៉ូម) ចំនួន២ករណី, ករណីធ្វើឱ្យខូចខាតដោយ ចេតនា និងគំរាមកំហែងថានឹងសម្លាប់ ១ករណី, ករណីហិង្សាដោយចេតនាក្នុងគ្រួសារ ១ករណី និងករណីកាន់ កាប់ និងរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត១ករណី ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ (ជនជាតិខ្មែរ ៤នាក់ និងជនជាតិចិន ២នាក់) និងដកហូតវត្ថុតាងជាច្រើន រួមមាន ខ្សែភ្លើង ដែកញ៉ូម ឧបករណ៍សម្រាប់ធ្វើសកម្មភាពលួច អាវុធខ្លី កាំបិត ទូរស័ព្ទដៃ និងសម្ភារផ្សេងៗ ។
បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ ៕
ដោយ៖ សុរិយា










