ខ្សែប្រយុទ្ធអេស្ប៉ាញ Torres ផ្តាច់ចំណងស្នេហ៍ជាមួយមិត្តស្រី ផ្តោតលើ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ខ្សែប្រយុទ្ធ Ferran Torres របស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លឹប Barcelona ត្រូវបានរាយការណ៍ថា បានបែកបាក់ជាមួយមិត្តស្រីជាអ្នកបង្កើតមាតិកា (Influencer)នាង Martina Hunter ប៉ុន្មានថ្ងៃមុនការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Martina Hunter មានអ្នកតាមដានជាង 60,000 នាក់ នៅលើ Instagram ហើយអ្នកទាំងពីរបានស្រឡាញ់គ្នាជាច្រើនខែ និងធ្លាប់ទៅលំហែកាយជាមួយគ្នានៅកោះ Ibiza។
ប៉ុន្តែបើយោងតាមអ្នកកាសែតអេស្ប៉ាញ Javi de Hoyos អ្នកទាំងពីរបានបញ្ចប់ទំនាក់ទំនងហើយ។

លោកបាននិយាយថា៖ «ខ្ញុំបាននិយាយជាមួយមនុស្សជិតស្និទ្ធរបស់អ្នកទាំងពីរ ហើយពួកគេបញ្ជាក់ថា ស្នេហារបស់ពួកគេបានបញ្ចប់ យ៉ាងហោចណាស់សម្រាប់ពេលនេះ។ Ferran កំពុងរីករាយនឹងជីវិតនៅលីវអំឡុងពេល World Cup»។

រហូតមកដល់ពេលនេះ ទាំង Ferran Torres និង Martina Hunter មិនទាន់បញ្ជាក់ជាផ្លូវការអំពីការបែកគ្នានោះទេ ប៉ុន្តែអ្នកទាំងពីរបាន Unfollow គ្នានៅលើ Instagram ដែលជាសញ្ញាមួយដែលមនុស្សជាច្រើនយល់ថា ពួកគេបានបែកបាក់គ្នា។

កំពុងផ្តោតលើ World Cup

Torres ត្រូវបានប្ដូរចូលនៅនាទីទី 55 ក្នុងការប្រកួតដែលអេស្ប៉ាញយកឈ្នះបែលហ្ស៊ិកនៅវគ្គ 8 ក្រុមចុងក្រោយ។
គ្រាប់បាល់របស់ Fabián Ruiz និង Mikel Merino បានជួយឱ្យអេស្ប៉ាញឈ្នះ និងឡើងទៅជួប បារាំង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ទោះបី Torres មិនទាន់រកគ្រាប់បាល់បាននៅ World Cup ឆ្នាំនេះក៏ដោយ ប៉ុន្តែរដូវកាលមុនគេរកបាន 16 គ្រាប់ក្នុង 33 ប្រកួត La Liga ជួយ Barcelona ឈ្នះជើងឯកលីគ។

អាចផ្ទេរទៅ PSG

សារព័ត៌មានជាច្រើនបានរាយការណ៍ថា Ferran Torres អាចចាកចេញពី Barcelona ទៅកាន់ Paris Saint-Germain (PSG)។

គួរឱ្យចាប់អារម្មណ៍ PSG ត្រូវបានដឹកនាំដោយ Luis Enrique ដែលជាឪពុករបស់ Sira Martínez អតីតមិត្តស្រីរបស់ Ferran Torres។

Torres និង Sira Martínez បានស្រឡាញ់គ្នាពីឆ្នាំ 2021 ដល់ 2023 មុនពេលបែកគ្នា។

បច្ចុប្បន្ន មានព័ត៌មានថា Luis Enrique ចង់នាំ Torres ទៅ PSG ហើយការផ្ទេរនេះអាចនឹងកើតឡើងក្នុងពេលឆាប់ៗ។

អេស្ប៉ាញត្រៀមជួបបារាំង

មុនការប្រកួតជាមួយបារាំង គ្រូបង្វឹកអេស្ប៉ាញ Luis de la Fuente បាននិយាយថា៖ «ក្រុមទាំងពីរសុទ្ធតែជាបេក្ខភាពឈានដល់វគ្គផ្តាច់ព្រ័ត្រ។ បារាំងមានសមត្ថភាពអស្ចារ្យ ហើយយើងក៏ដូចគ្នា។»

...

លោកបន្ថែមថា៖ «នេះជាការប្រកួតដែលបើកចំហ។ យើងត្រូវការកីឡាករដែលស្រស់ថ្លា មានថាមពល និងបង្ហាញទម្រង់លេងល្អបំផុត។ យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឈ្នះការប្រកួតនេះ៕»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print