ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បញ្ជាក់ជាថ្មីថា រដ្ឋាភិបាលជប៉ុននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ និងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ លោក អឺអិណុ អាស៊ីស៊ិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា នៅទីស្តីការក្រសួង បន្ទាប់ពីលោក អឺអិណុ បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ។

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះ លោក​ឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់លោក ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។ លោក​ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ដែលសម្រេចបានក្នុង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងអាណត្តិរបស់លោកឯកអគ្គរាជទូត ហើយបានវាយតម្លៃ ខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោក ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើច្រើនវិស័យ រួមទាំងការចុះហត្ថលេខាលើគម្រោងជាច្រើនក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនផងដែរ។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរអំពីតួនាទីសកម្មរបស់លោកឯកអគ្គរាជទូត ក្នុងការ សម្របសម្រួលការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេស ជោគជ័យនៃដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន កាលពីចុងខែឧសភា ឆ្នាំ២០២៥ ដែលជាទស្សនកិច្ច នៅជប៉ុនលើកដំបូងរបស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី។

លោក​ឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានពិភាក្សាគ្នាលើវិស័យសំខាន់ៗនៃ សហប្រតិបត្តិការរួមមាន នយោបាយ ពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសន្តិសុខ អប់រំ និងការ ផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តថ្មីៗនៃស្ថានការណ៍តំបន់ និងអន្តរជាតិ។ ភាគីទាំងពីរបានយល់ស្របគ្នាថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន គួរតែត្រូវបន្តពង្រឹងបន្ថែមទៀត និងពង្រីកទៅវិស័យថ្មីៗ ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅ មកកាន់តែធំធេងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

លោកឯកអគ្គរាជទូត បានសម្តែងនូវការរីករាយ ដែលបានឃើញប្រទេសកម្ពុជាបន្តសម្រេច បាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការទូត និងហេដ្ឋារចនាសម្ព័ន្ធ ទោះបីស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលមានការប្រែប្រួលយ៉ាងណាក៏ដោយ។ លោក​ ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្តល់ការគាំទ្រដ៏រឹងមាំ និងកិច្ចសហការយ៉ាងជិតស្និទ្ធដល់បេសកកម្មការទូតរបស់ឯកឧត្តម។

...

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗពាក់ព័ន្ធ នឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់ជប៉ុនដល់ជន ភៀសសឹកកម្ពុជានៅតាមបណ្តោយព្រំដែន។ លោកឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាល ជប៉ុននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយបានសម្តែងនូវឆន្ទៈ និង ការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះព្រំដែនដោយ សន្តិវិធី និងការស្តារទំនាក់ទំនងកម្ពុជា-ថៃ ឡើងវិញ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print