ភ្នំពេញ ៖ ក្នុងទំនាក់ទំនងអន្តរជាតិ សេចក្តីសម្រេចរបស់អង្គការអន្តរជាតិមួយ មិនមែនគ្រាន់តែជាការបង្ហាញជំហរនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីរបៀបដែលសហគមន៍អន្តរជាតិមើលឃើញ និងវាយតម្លៃចំពោះជម្លោះមួយផងដែរ។ ដូច្នេះ សេចក្តីសម្រេចចិត្តដែលសភាប្រើភាសាបារាំង (APF) បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ មិនគួរត្រូវបានមើលឃើញថា គ្រាន់តែជាការគាំទ្រកម្ពុជាតែប៉ុណ្ណោះទេ។
បើសង្កេតឲ្យស៊ីជម្រៅ ខ្លឹមសារនៃសេចក្តីសម្រេចចិត្តនេះ បានបង្ហាញយ៉ាងច្បាស់ថា សហគមន៍អន្តរជាតិកំពុងលើកទឹកចិត្តឲ្យភាគីទាំងពីរដោះស្រាយជម្លោះ ដោយផ្អែកលើច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាព និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ជាជាងការប្រើសកម្មភាពជាឯកតោភាគី ឬការបង្កើនភាពតានតឹងនៅតាមព្រំដែន។
សេចក្តីសម្រេចចិត្តរបស់សភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) កំពុងបង្ហាញថា ជម្លោះកម្ពុជា-ថៃមិនអាចដោះស្រាយដោយការបង្កើតស្ថានការណ៍ថ្មីនៅលើដីជាក់ស្តែងឬដោយការប្រើប្រាស់អំណាចយោធាបានទេ។
លើសពីនេះ ចំណុចដែលមានទម្ងន់ខ្លាំង គឺ APF បានបញ្ជាក់ឡើងវិញនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ នេះមិនមែនជាការរំលឹកដល់ប្រវត្តិសាស្ត្រទេ ប៉ុន្តែជាការរំលឹកថា សេចក្តីសម្រេចរបស់តុលាការអន្តរជាតិ មិនមែនជាជម្រើសដែលភាគីណាមួយអាចជ្រើសរើសគោរព ឬមិនគោរពទៅតាមអារម្មណ៍នយោបាយឬតាមការចង់បានតាមរបៀបនៃជាតិនិយមជ្រុលនោះទេ។ នៅពេល APF និយាយដោយផ្ទាល់សំដៅទៅលើសាលក្រមទាំងពីរ វាបានផ្តល់សារៈសំខាន់ថា មូលដ្ឋានសម្រាប់ដោះស្រាយវិវាទ គឺច្បាប់ មិនមែនកម្លាំងឬសម្ពាធនយោបាយទេ។
ការណ៏នេះស្របទៅនិងយុទ្ធសាស្ត្រដែលកម្ពុជាបានកំពុងប្រកាន់ខ្ជាប់ចាប់តាំងពីវិបត្តិព្រំដែនផ្ទុះឡើងក្នុងឆ្នាំ២០២៥ មកម្លេះ។ ខណៈដែលស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពតានតឹង កម្ពុជាបានព្យាយាមផ្លាស់ប្តូរសមរភូមិពីការប្រើយោធា ទៅសមរភូមិការទូត និងច្បាប់អន្តរជាតិ ដើម្បីចៀសវាងនូវការខូចខាតទាំងព្រទ្យសម្បត្តិនិងជីវិតមនុស្ស។ ការបន្តលើកយន្តការ JBC ការគាំទ្រការចរចា ការយោងទៅសាលក្រម ICJ និងយន្តការច្បាប់នីតិសមុទ្រ UNCLOS សុទ្ធតែជាផ្នែកនៃយុទ្ធសាស្ត្រសន្តិវិធីនេះហើយ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ គឺ APF មិនបានប្រើភាសាការទូតទេ ព្រោះសភានេះបានកត់សម្គាល់និងដឹងយ៉ាងច្បាស់រួចស្រេចទៅហើយអំពីការបំផ្លិចបំផ្លាញហេដ្ឋារេចនាសម្ព័ន្ធរបស់កម្ពុជា ដោយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនា និងការបែងចែកដីធ្លីនៅតំបន់ជម្លោះក្នុងទឹកដីកម្ពុជារបស់ភាគីថៃ។
ក្នុងទំនាក់ទំនងអន្តរជាតិ ភាសាបែបនេះមានន័យច្បាស់ណាស់ថា គឺសំដៅទៅលើយុទ្ធសាស្ត្រដែលគេដឹងយ៉ាងច្បាស់ថា ជាការបង្កើតអង្គហេតុថ្មីនៅលើដីជាក់ស្តែង «Fait accompli»។ គោលបំណងរបស់យុទ្ធសាស្ត្របែបនេះ គឺបង្កើតស្ថានភាពជាក់ស្តែងដោយសង្ឃឹមថា ពេលវេលានឹងធ្វើឲ្យស្ថានភាពនោះក្លាយជារឿងធម្មតានៅពេលខាងមុខ។
ប៉ុន្តែការណ៏ដែល APF លើកឡើងដោយផ្ទាល់អំពីសកម្មភាពទាំងនេះ បានសរបញ្ជាក់ឲ្យឃើញថា សហគមន៍អន្តរជាតិមិនចាត់ទុកថារឿងជម្លោះព្រំដែននេះជារឿងតូចតាចឡើយ ផ្ទុយទៅវិញ នេះជាសញ្ញាថា រាល់សកម្មភាពជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតក្រោមការតាមដាន និងការវាយតម្លៃយ៉ាងដិតដល់ពីសហគមន៏អន្តរជាតិហើយ។
ម្យ៉ាងវិញទៀត APF ក៏បានភ្ជាប់បញ្ហាព្រំដែនទៅនឹងការការពារបេតិកភណ្ឌពិភពលោកផងដែរ។ នេះជាចំណុចដែលមានសារៈសំខាន់ខ្លាំង ព្រោះនៅពេលទីតាំងដែលមានតម្លៃជាសកលរងការខូចខាត វាមិនមែនជាការបាត់បង់របស់ប្រទេសដែលជាម្ចាស់បេតិកភណ្ឌតែមួយទេ ប៉ុន្តែជាការបាត់បង់របស់មនុស្សជាតិក្នុងពិភពលោកទាំងមូល។ ដូច្នេះ ជម្លោះព្រំដែនត្រូវបានពង្រីកទៅជាបញ្ហានៃការការពារកេរដំណែលសកល ដែលជាប្រធានបទដែលសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់ខ្លាំង។
ទន្ទឹមនឹងនេះ APF មិនបានជំរុញឲ្យមានការបង្កើតយន្តការដោះស្រាយជម្លោះថ្មីណាមួយនោះឡើយ ប៉ុន្តែបានគាំទ្រយន្តការផ្លូវការដែលមានស្រាប់ ដូចជា JBC និងការអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៥ ក្នុងន័យនេះ សហគមន៍អន្តរជាតិមិនបានមើលឃើញពីភាពខ្វះចន្លោះឬគ្មានវឌ្ឍន៏ភាពនៃយន្តការផ្លូវការដែលមានស្រាប់នោះទេ ប៉ុន្តែបានមើលឃើញពីភាពកង្វះនៃការអនុវត្តយន្តការដែលមានស្រាប់នោះទៅវិញទេ។
សម្រាប់កម្ពុជា សេចក្តីសម្រេចនេះមានតម្លៃច្រើនជាងការគាំទ្រផ្នែកនយោបាយទៅទៀត ព្រោះបានបង្កើនជាទុនការទូត និងផ្នែកច្បាប់ ដែលអាចឲ្យកម្ពុជាប្រើប្រាស់នាពេលអនាគតបាន។ នៅពេលអង្គការអន្តរសភាដ៏ធំមួយដែលមានសមាជិកមកពីច្រើនប្រទេស បានបញ្ជាក់ឡើងវិញអំពីអធិបតេយ្យភាព បូរណភាពទឹកដី និងការគោរពសាលក្រម ICJ នោះបានបង្កើតបានជាសារគាំទ្រផ្នែកការទូតដ៏សំខាន់ ដែលមានទម្ងន់លើសពីសេចក្តីថ្លែងការណ៍នយោបាយធម្មតាទៅទៀត។
នៅពេល APF ជ្រើសរើសការប្រើភាសាបែបនេះ វាមានន័យថា ជម្លោះកម្ពុជា-ថៃ កំពុងត្រូវបានកំណត់តាមនិយាមច្បាប់អន្តរជាតិ មិនមែនតាមកម្លាំងយោធា ឬសម្ពាធនយោបាយរបស់ភាគីណាមួយឡើយ ហើយក្នុងការប្រកួតប្រជែងបែបនេះ ភាគីដែលអាចបង្ហាញថា ខ្លួនប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងអនុវត្តយុទ្ធសាស្ត្រការទូតដោយសន្តិវិធី នឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានភាពស្របច្បាប់ និងការគាំទ្រពីសហគមន៍អន្តរជាតិ៕
ដោយ៖ពិន វិជ័យ










