សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្អែកលើរបាយការណ៍អង្កេតចន្លោះជំរឿនឆ្នាំ២០២៤ ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសារលិខិតក្នុងទិវា «ប្រជាជនពិភពលោកលើកទី៣៧» ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤  ប្រជាជនកម្ពុជាមានចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨% វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦% វ័យ៣៥-៦៤ឆ្នាំ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។

 

ក្នុងសារលិខិតដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់បន្ថែមថា ទិន្នន័យខាងលើនេះ បង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាពធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ  សុខុមាលភាពគ្រួសារ និងសន្តិសុខសង្គមនាពេលអនាគត។ ដូច្នេះ ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេលវេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្តដើម្បីធានាថា ការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាពនិងមិនទុកអ្នកណាម្នាក់ចោល។

 

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រា លទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល២៤លាននាក់នៅឆ្នាំ ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំ នឹងថយចុះដល់ ២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើនដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%។

 

ផ្អែកលើទិន្នន័យដែលបានបង្ហាញខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តនិងណែនាំឱ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់បន្ត រួមគ្នាអនុវត្តការងារចម្បងៗរួមមាន៖ ទី១- ពង្រឹងប្រព័ន្ធទិន្នន័យប្រជាជននិងការធ្វើគោលនយោបាយផ្អែកលើ ភស្តុតាង ទី២- វិនិយោគលើការអប់រំ ជំនាញ និងការងារសមរម្យសម្រាប់ប្រជាជនវ័យក្មេង ទី៣- ពង្រឹងសុខភាព សុខុមាលភាព សមភាពយេនឌ័រនិងការគាំពារក្រុមងាយរងគ្រោះ និងទី៤- ត្រៀមខ្លួនឱ្យបានទាន់ពេលចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាជននិងសង្គមវ័យចំណាស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print