អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានមកពីវៀតណាម និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករក្សាសន្តិភាពក្នុងតំបន់

ចែករំលែក៖

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញប្រគល់ប័ណ្ណសរសើរជូនសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន២រូប គឺលោកវរសេនីយ៍ឯក ង៉ូ ស៊ុន ជឿង និងលោកវរសេនីយ៍ឯកបម្រុង បៀវ ស៊ុន យឿង ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកបំពេញបេសកកម្មជាក្រុមអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា ក្នុងស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវរួមរបស់គ្រួសារអាស៊ាន។

ឯកឧត្តមអគ្គមេបញ្ជាការ បានរំលេចនូវចំណងមិត្តភាព កម្ពុជា-វៀតណាម ដែលជាប្រទេសជិតខាងគ្នា មានប្រវត្តិសហការជួយគ្នាទៅវិញទៅមក ទាំងក្នុងសម័យសង្គ្រាម និងសន្តិភាព។ ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជម្លោះជាមួយប្រទេសថៃ ការចូលរួមរបស់វៀតណាមក្នុងនាមជាអ្នកសង្កេតការណ៍អាស៊ាន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការរក្សាមជ្ឈភាពរបស់អាស៊ាន។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់បណ្តាប្រទេសសមាជិកអាស៊ាន ដែលបានបង្ហាញពីសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តរួមក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ស្របពេលស្ថានការណ៍ពិភពលោកកំពុងប្រឈមនឹងភាពតានតឹង និងស្មុគស្មាញ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការ បានកោតសរសើរចំពោះការលះបង់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈរបស់សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលបានឃ្លាតឆ្ងាយពីគ្រួសារ និងប្រទេសកំណើត ដើម្បីចូលរួមកសាងសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ាន។

...

ជាទីបញ្ចប់ ឯកឧត្តមអគ្គមេបញ្ជាការ បានជូនពរលោកវរសេនីយ៍ឯក ង៉ូ ស៊ុន ជឿង និងលោកវរសេនីយ៍ឯកបម្រុង បៀវ ស៊ុន យឿង សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានដែលចប់អាណត្តិ សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print