ភ្នំពេញ ៖ «កម្ពុជាបានបោះជំហានចូលទៅដល់របត់ថ្មីមួយទៀត នោះគឺ ការទូត, សន្តិសុខ, ឌីជីថល និងបច្ចេកវិទ្យាអនាគត» នេះបើតាមការលើកឡើង របស់លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម។
ជាមួយនឹងវាយតម្លៃអំពីដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ, បណ្ឌិត កៅ មុយថង បានប្រាប់ថា «ទំនាក់ទំនងមិត្តភាព ដែកថែបកម្ពុជា-ចិន ពេលនេះ មិនមែននៅត្រឹមកម្រិតសាងសង់ស្ពាន ថ្នល់ ឬ ជំនួយសេដ្ឋកិច្ចដូចមុនទៀតទេ តែបានបោះជំហានចូលទៅដល់របត់ថ្មីមួយទៀត នោះគឺ «ការទូត សន្តិសុខ ឌីជីថល និង បច្ចេកវិទ្យាអនាគត»។ លោកបណ្ឌិត កៅ មុយថង បានលើកឡើងបែបនេះ ដោយវិភាគលើជ្រុងសំខាន់ៗ ចំនួន៣។
«ជ្រុងទី១ ទាំងភ្នំពេញ ទាំងប៉េកាំង សុទ្ធតែបានប្រកាសចំហរលើការបង្កើត «ភាពជាដៃគូ សន្តិសុខដ៏ស៊ីជម្រៅ» ដើម្បីវាយកម្ទេចឫសគល់នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលបង្ហាញពីផលចំណេញ សម្រាប់កម្ពុជា គឺការលាងជម្រះការលាបពណ៌ និង ជាសក្ខីកម្មច្បាស់ៗទៅកាន់ពិភពលោកថា កម្ពុជាគឺជាអ្នកចេញមុខប្រយុទ្ធប្រឆាំងឈានមុខគេយ៉ាងម៉ឺងម៉ាត់បំផុត ហើយ ការរួមដៃគ្នាបង្ក្រាបនេះ គឺជាខែលការពារ និងទំនុកចិត្ត ជូនដល់វិនិយោគិនស្អាតស្អំ និង ភ្ញៀវទេសចររាប់លាននាក់ ឱ្យគេមើលឃើញថា កម្ពុជាមានសុវត្ថិភាព និង មានច្បាប់ទម្លាប់តឹងរ៉ឹងបំផុត។ ជាងនេះទៀត គឺការដំឡើងទម្ងន់នយោបាយតំបន់ ព្រោះថា បទល្មើសឆ្លងដែនបែបនេះ គ្មានប្រទេសណាដោះស្រាយម្នាក់ឯងបានទេ។ ការដែលកម្ពុជាដើរតួនាទីយ៉ាងសកម្ម និងសហការស៊ីជម្រៅ ជាមួយមហាអំណាចចិន បង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់យើង ក្នុងនាមជាដៃគូសន្តិសុខតំបន់ ដ៏គួរឱ្យទុកចិត្ត ក្នុងការថែរក្សាស្ថិរភាពនៅក្នុងតំបន់អាស៊ាន និងពិភពលោក»។
សម្រាប់ជ្រុងទី២ លោកថា គឺជារបត់សេដ្ឋកិច្ច ទេសចរណ៍ និង ទិដ្ឋការឥតគិតថ្លៃ។ លោកបញ្ជាក់ថា ក្រៅពីខែលសន្តិសុខ អ្វីដែលយើងរំពឹងទុកនូវផ្លែផ្កាជាក់ស្តែង គឺការជម្រុញសន្ទុះសេដ្ឋកិច្ចឡើងវិញ។ ជំនួបជាមួយកំពូលថ្នាក់ដឹកនាំចិន ព្រមទាំងការជួប ពិភាក្សាផ្ទាល់ជាមួយវិនិយោគិនធុរកិច្ចធំៗ នឹងជួយបង្កើនទំនុកចិត្តរបស់ពួកគាត់ក្នុងការពង្រីកការ វិនិយោគនៅកម្ពុជា។ អ្វីដែលកាន់តែពិសេស និងចំគោលដៅ គឺការរំពឹងទុកលើការជំរុញភ្ញៀវទេសចរ ចិន តាមរយៈ «គោលនយោបាយទិដ្ឋការឥតគិតថ្លៃ (Visa-Free) ជូនដល់ជនជាតិចិន»។ នេះជា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចដ៏មុតស្រួចក្នុងការបើកទ្វារស្វាគមន៍ចំណូលជាតិ និងស្តារមុខមាត់ទេស ចរណ៍របស់យើងឡើងវិញ។
រីឯ ជ្រុងទី៣ លោកបណ្ឌិតថា គឺយុទ្ធសាស្ត្របច្ចេកវិទ្យាខ្ពស់ AI និងការផ្ទេរចំណេះដឹង។ លោកថា នេះគឺជាចំណុចសំខាន់មួយទៀត ដែលយើងមិនអាចមើលរំលងបាន គឺការដែលសម្តេចធិបតីដឹកនាំ គណៈប្រតិភូទៅចូលរួម «សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦» នៅក្រុងស៊ាងហៃ។ ដូច ដែលអ្នកវិភាគដទៃទៀតបានគូសបញ្ជាក់យ៉ាងត្រឹមត្រូវថា ដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជា «ឱកាសមាស» សម្រាប់កម្ពុជា ក្នុងការដំឡើងសមត្ថភាពបច្ចេកវិទ្យាឌីជីថល និងបញ្ញា សិប្បនិម្មិត (AI)។ ប្រសិនបើកម្ពុជាអាចចាប់យក ឱកាសនេះ ក្នុងការទាញយកការផ្ទេរបច្ចេកវិទ្យា និង ការបណ្តុះបណ្តាលធនធានមនុស្សពីចិន វានឹងជួយឱ្យយើង រំកិលខ្លួនចេញពីឧស្សាហកម្មបែបប្រពៃណី (ប្រើកម្លាំងបាយ) ទៅជាឧស្សាហកម្មទំនើបដែលមានតម្លៃបន្ថែមខ្ពស់ បង្កើនផលិតភាព និងសមត្ថ ភាពប្រកួតប្រជែងលើឆាកអន្តរជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
«ជារួម ខ្ញុំចង់បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសចិន នាពេលនេះ មិន មែនគ្រាន់តែជារឿងការទូតពិធីការ នៅលើក្រដាសនោះទេ។ នេះគឺជាការទូតបុរេសកម្មដ៏រស់រវើកដែល ផ្តល់ផលចំណេញគ្រប់ជ្រុងជ្រោយ ក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ ដើម្បីធានាថា រាល់កិច្ចសហការទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ច ទេសចរណ៍ និងបច្ចេកវិទ្យា នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់នាំមកនូវផលប្រយោជន៍ពិតប្រាកដ ចីរភាព និងវិបុល ភាពរួម សម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ នៅក្នុងសតវត្សរ៍ទី២១នេះ»។
បើតាម ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងឱកាសទស្សនកិច្ចនេះ សម្ដេចធិបតី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦៕
ប្រភព ៖ (CCFR)










